កកុធសូត្រទី ៨

ក្បាលទី 19 · ទំព័រ 419

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសាកេត ។ គ្រា កាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះកកុធៈមានរស្មីរុងរឿង ញ៉ាំងព្រៃអញ្ជ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ ត្រេកអរ ព្រោះបានអ្វី ។ បពិត្រព្រះសមណៈ បើដូច្នោះ ព្រះអង្គសោយសោកដែរឬ ។ ម្នាលអាវុសោ ចុះនរណាផ្ចាញ់អ្វី ( បានជាសោយសោក ) ។ បពិត្រព្រះសមណៈ បើដូច្នោះ ព្រះអង្គមិន ត្រេកអរ មិនសោយសោកទេឬ ។ អើ អាវុសោ ។ ក… ទ… ព្រះអង្គជាភិក្ខុ មិនមានទុក្ខទេឬ សេចក្តីត្រេកអរ មិនមានទេឬ សេចក្តីអផ្សុកមិនគ្រប សង្កត់ព្រះអង្គ ដែលគង់នៅម្នាក់ឯងទេឬ ។ ព… ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្តីត្រេកអរ ក៏មិនមាន ទាំងសេចក្តីអផ្សុក ក៏ មិនគ្របសង្កត់តថាគត ដែលអង្គុយនៅ តែម្នាក់ឯង ឡើយ ។ ក… ទ… ដូចម្តេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ ដូចម្តេចក៏មិនមានសេចក្តីត្រេកអរ ដូចម្តេចក៏សេចក្តី អផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង ។ ព… សេចក្តីត្រេកអរ រមែងមានដល់សត្វ ដែលមានសេចក្តីទុក្ខ សេចក្តីទុក្ខ រមែងមានដល់សត្វ ដែលមានសេចក្តីត្រេកអរ ម្នាលអាវុសោ អ្នកឯងចូរ ដឹងថា ភិក្ខុមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខក៏មិន មានដែរ ។