ជន្តុសូត្រទី ៥

ក្បាលទី 19 · ទំព័រ 443

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ពួកភិក្ខុជាច្រើន រូប នៅក្នុងអរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែនកោសល ជាអ្នកមានចិត្ត រាយមាយ មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយជាប្រក្រតី ( ដូចជាគ្រហស្ថ ) ។ គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថទី ១៥ នោះ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំងឡាយថា កាលពីដើមមានពួកភិក្ខុជាសាវ័ករបស់ព្រះគោតម មាន ការរស់នៅជាសុខ ភិក្ខុទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នកមិនប្រាថ្នា ដោយ ការស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តីមិនទៀង ក្នុងលោក ហើយក៏បានធ្វើនូវទីបំផុតនៃទុក្ខ ពួកភិក្ខុ ដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ី ដេក ដូចជាបុរសអ្នកធំក្នុងស្រុក ជជ្រកមកនៅក្បែរ ផ្ទះនៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលីចំពោះសង្ឃហើយ សូម ពោលចំពោះភិក្ខុពួកខ្លះក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេបោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួក ប្រេតយ៉ាងណា ភិក្ខុទាំងនោះក៏យ៉ាងនោះដែរ ភិក្ខុ ទាំងឡាយណាប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិនប្រមាទ ខ្ញុំសូមធ្វើនមស្ការ ចំពោះភិក្ខុទាំងនោះ ។ ៨