នន្ទិវិសាលសូត្រទី ៨
ក្បាលទី 19 · ទំព័រ 454
នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ ដោយគាថាថា បពិត្រព្រះអង្គអ្នកមានព្យាយាមធំ ( យន្ត គឺសរីរៈនេះ ) មានចក្រ ៤ មានទ្វារ ៩ ដ៏ពេញ ( ដោយវត្ថុមិន ស្អាត ) ប្រកបដោយសេចក្តីលោភ ជាសរីរៈដូចជា ភក់ បុគ្គលនឹងយាត្រា ( ចេញចាកសរីរៈនោះ ) ដោយ ប្រការដូចម្តេចបាន ។ ព្រះមានព្រះភាគ ត្រាស់ថា បុគ្គលកាត់នូវ ចំណង គឺឧបនាហៈផង នូវព្រ័ត គឺកិលេសផង នូវ សេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវ តណ្ហា ព្រមទាំងឫសផង ទើបយាត្រា ( ចេញចាក សរីរៈនោះបាន ) ដោយប្រការយ៉ាងនេះឯង ។