នានាតិត្ថិយសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រាកាល ដែលរាត្រីបឋមយាមកន្លងទៅហើយ មានពួកទេវបុត្តជាសាវ័កនៃនានាតិរ្ថិយ ជាច្រើនអង្គ គឺទេវបុត្តឈ្មោះអសមៈ ១ សហលី ១ និកៈ ១ អាកោដកៈ ១ វេដម្ពរី ១ មាណវគាមិយៈ ១ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តវេឡុវ័នជុំវិញ ទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ ។ លុះអសមទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ប្រារព្ធ ចំពោះគ្រូឈ្មោះបូរណកស្សប ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមាន ព្រះភាគថា គ្រូឈ្មោះកស្សប មិនឃើញច្បាស់នូវបាប ក្នុងការកា ត់ និងការសម្លាប់ ក្នុងការបៀតបៀន និងការវិនាស នៃទ្រព្យទាំងឡាយ ក្នុងលោកនេះ ទាំងមិនឃើញ ច្បាស់នូវបុណ្យ របស់ខ្លួនសោះឡើយ គ្រូឈ្មោះ កស្សបនោះឯង គ្រាន់តែប្រាប់នូវសេចក្តីស្និទ្ធស្នាល គឺ ទីពឹងអាស្រ័យ ( ដល់ពួកសត្វ ) ក៏គួរដើម្បីធ្វើនូវការរាប់ អាន ( ថ្វាយបង្គំរបស់មនុស្ស ) បូជា ។ លំដាប់នោះ សហលីទេវបុត្ត ប្រារព្ធចំពោះគ្រូឈ្មោះមក្ខលិ គោសាល ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា បុគ្គលមានខ្លួនសង្រួមហើយដោយប្រពៃ ព្រោះខ្ពើម បាបដោយតបៈ លះបង់នូវវាចាជាគ្រឿងឈ្លោះ ជាមួយនឹង មហាជន ជាបុគ្គលស្ងប់រម្ងាប់ វៀរចាកកម្ម ប្រកបដោយទោស ពោលតែពាក្យពិត បុគ្គលមាន សភាពដូច្នោះ រមែងមិនធ្វើនូវបាបដោយពិត ។