ទហរសូត្រទី ១

ក្បាលទី 19 · ទំព័រ 486

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏គង់នៅក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន ប្តេជ្ញាថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណដូច្នេះឬទេ ។ ព្រះអង្គត្រាស់ថា បពិត្រ មហារាជ បុគ្គលនិយាយដោយប្រពៃ នូវពាក្យណាថា តថាគតត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញ្ញាណ បុគ្គលពោលពាក្យនោះចំពោះតថាគត ឈ្មោះថា ពោលដោយប្រពៃ បពិត្រមហារាជ ព្រោះថា តថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណមែន ។ ព្រះរាជាត្រាស់ថា បពិត្រព្រះគោតមដ៏ចម្រើន ពួកសមណព្រាហ្មណ៍ណា ដែលមានពួក មានគណៈ ជាអាចារ្យរបស់គណៈ មានកេរ្ត- ឈ្មោះប្រាកដ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិដូចជាកំពង់ ដែលជនជាច្រើន សន្មតថាជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប ១ មក្ខលិគោសាល ១ និគ្គណ្ឋនាដបុត្ត ១ សញ្ជយវេលដ្ឋបុត្ត ១ បកុធកច្ចាយនៈ ១ អជិតកេសកម្ពល ១ ឯសមណព្រាហ្មណ៍ទាំងនោះ កាលដែលខ្ញុំព្រះអង្គបានសួរហើយថា លោកទាំងឡាយ ប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណឬ ក៏ មិនប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ចំណែកព្រះគោតម ដ៏ចម្រើន ក្មេងដោយកំណើតផង ថ្មីដោយផ្នួសផង មែនឬ ។