រាជសូត្រទី ៣

ក្បាលទី 19 · ទំព័រ 507

ជិតក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសល គង់ក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សត្វដែលកើតហើយ វៀរចាកជរា និងមរណៈបាន មានដែរឬ ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ សត្វដែលកើតហើយ វៀរចាក ជរា និងមរណៈបាន មិនមានទេ បពិត្រមហារាជ ពួកខត្តិយមហាសាល ណា ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកខត្តិយមហាសាលទាំងនោះ ដែលកើតហើយ វៀរចាកជរា និង មរណៈ មិនមានទេ បពិត្រមហារាជ ពួកព្រាហ្មណមហាសាលណា ។ បេ ។ ពួកគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកគហបតិមហាសាលទាំងនោះ ដែលកើតហើយ វៀរចាក ជរា និងមរណៈ ក៏មិនមានដែរ បពិត្រមហារាជ ទុកជាពួកភិក្ខុណា ជា ព្រះអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយធម៌បានប្រព្រឹត្តហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានអរហត្តផល ជាប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានភវសញ្ញោជនៈអស់រលីង ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ សូម្បីកាយ នេះរបស់ព្រះអរហន្តនោះ ក៏គង់មានកិរិយាបែកធ្លាយទៅជាធម្មតា មាន កិរិយាដាក់ចុះជាធម្មតា ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ ។ បេ ។ រាជរថទាំងឡាយ ដែលជាងវិចិត្រហើយ ដោយប្រពៃ រមែងគ្រាំគ្រា ទៅ សូម្បីសរីរៈក៏រមែងដល់នូវសេចក្តីគ្រាំគ្រា មានតែធម៌របស់ពួកសប្បុរស ទើបមិនដល់នូវសេចក្តីគ្រាំគ្រា ពួកសប្បុរស រមែងពោលជាមួយនឹងពួកស ប្បុរស ។