អដ្ឋកថា អត្ថករណសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងអត្ថករណសូត្រទី ៧ តទៅ បទថា កាមហេតុ បានដល់ មានកាមជាហេតុ ។ បទថា កាមនិទានំ បានដល់ មានកាមជាបច្ច័យ ។ បទថា កាមាធិករណំ បានដល់ មានកាមជាការណៈ គ្រប់បទទាំងអស់នោះ ជាពាក្យវេវចនៈនៃគ្នានិងគ្នា ។ បទថា ភទ្រមុខោ ប្រែ ថា មានមុខល្អ ។ បានឮថា ថ្ងៃមួយ ព្រះរាជាស្តេចយាងចេញអំពីទីប្រថាប់ ស្តាប់ការពិចារណាក្តី ។ ក្នុងក្តីនោះ ពួកអមាត្យទទួលសំណូកជាមុន អង្គុយ វិនិច្ឆ័យក្តី ក៏សម្រេចក្តីឲ្យអ្នកមិនមែនជាម្ចាស់នៃទ្រព្យ ក្លាយជាម្ចាស់របស់ ទ្រព្យ ។ ព្រះរាជាទ្រង់ជ្រាបរឿងនោះហើយ ទ្រង់ព្រះតម្រិះថា ចំពោះមុខ អញជាធំលើផែនដី ពួកអមាត្យទាំងនេះ នៅតែធ្វើដល់ថ្នាក់នេះ កំបាំងមុខ អញ គេនឹងមិនធ្វើដូចម្តេចបាន ឥឡូវនេះ វិឌូឌភសេនាបតី នឹងប្រាកដជា ព្រះរាជា ប្រយោជន៍អ្វីសម្រាប់អញអង្គុយជាមួយនឹងពួកអមាត្យស៊ីសំណូក និយាយកុហកបែបនេះ ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា ខិប្បំវ ឱឌ្ឌិតំ បានដល់ ដូចត្រីចូលទៅក្នុងលប អធិប្បាយថា ត្រីទាំងឡាយចូលទៅកាន់លបដែលគេដាក់ នៅមិនទាន់ដឹងខ្លួន យ៉ាងណា សត្វទាំងឡាយកន្លងចូលទៅកាន់វត្ថុកាម ដោយកិលេសកាម ក៏ មិនដឹងខ្លួនយ៉ាងនោះ ។