ពន្ធនសូត្រទី ១០

ក្បាលទី 19 · ទំព័រ 540

សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់បង្គាប់រាជបុរស ឲ្យចងពួកមហាជន ។ ជនពួកខ្លះគេចងដោយខ្សែ ជនពួកខ្លះគេចងដោយខ្នោះ ជនពួកខ្លះគេចងដោយច្រវាក់ ។ គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បី បិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងសាវត្ថីឯណោះ ព្រះបាទបសេនទិកោសល បង្គាប់រាជបុរសឲ្យចងពួកមហាជន ជនពួកខ្លះគេចងដោយខ្សែ ជនពួកខ្លះគេចងដោយខ្នោះ ជនពួកខ្លះគេចងដោយច្រវាក់ ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនេះ ហើយ ទ្រង់ត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា ចំណងណា ធ្វើដោយដែកក្តី កើតដោយឈើក្តី កើតដោយស្មៅ ដំណេកទន្សាយក្តី អ្នកប្រាជទាំងឡាយ មិនបានពោលនូវចំណងនោះ ថាមាំ ទេ សេចក្តីអាឡោះអាល័យណា ប្រកបដោយសេចក្តីត្រេកអរដ៏ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលផង ក្នុងកូន និងប្រពន្ធផង អ្នកប្រាជទាំងឡាយ ពោលនូវចំណងនុ៎ះ ថាជាចំណងមាំ ជាគ្រឿងទាញសត្វឲ្យចុះក្នុងអបាយ ជា ចំណងធូរ បុន្តែបុគ្គលស្រាយបានដោយក្រ អ្នកប្រាជទាំងឡាយ រមែងកាត់