អដ្ឋកថា ពន្ធនសូត្រទី ១០

ក្បាលទី 19 · ទំព័រ 541

គប្បីជ្រាបវិនិច្ឆ័យក្នុងពន្ធនសូត្រទី ១០ ជាបន្ត ភិក្ខុទាំងនោះក្រាបទូល ហេតុដែលព្រះអានន្ទត្ថេរ ធ្វើល្អក្នុងមនុស្សទាំងនោះ ដូច្នេះថា ឥធ ភន្តេ រញ្ញា ។ បានឮថា កែវមណី ៨ ជ្រុង ដែលសក្កទេវរាជ ទ្រង់ប្រទានដល់ ព្រះបាទកុសរាជ បន្តមកតាមប្រពៃណី ។ វេលាទ្រង់ប្រដាប់ ព្រះរាជាត្រាស់ ឲ្យនាំកែវមណីនោះមក ។ មនុស្សទាំងឡាយក្រាបទូលថា ពួកខ្ញុំព្រះអង្គមិន ឃើញក្នុងទីដែលរក្សា ។ ទើបព្រះរាជាឲ្យគេចងពួកអ្នកទទួលខុសត្រូវក្នុង ព្រះរាជនិវេសន៍ បញ្ជាថា ពួកឯងចូរស្វែងរកកែវមណីនោះមកឲ្យយើង ។ ព្រះអានន្ទ ត្ថេរឃើញមនុស្សទាំងនោះហើយ ក៏ឲ្យបាំងវាំងនន ហើយប្រាប់ឧបាយ ដល់ពួកមនុស្សអ្នករក្សា ។ មនុស្សទាំងនោះ ក៏ក្រាបទូលដល់ព្រះរាជា ។ ព្រះរាជា ត្រាស់ថា ព្រះថេរៈជាបណ្ឌិត ពួកអ្នកចូរធ្វើតាមព្រះថេរៈ ពួកអ្នករក្សាទុក ដាក់ ក៏ដាក់ឆ្នាំងទឹកត្រង់លានព្រះរាជវាំង បាំងវាំងនន ហើយប្រាប់ មនុស្សទាំងនោះថា ពួកអ្នកចូរដណ្តប់សំពត់ ហើយទៅក្នុងទីនោះ ចូរលូក ដៃចូល ។ អ្នកដែលលួចកែវមណីគិតថា អញមិនអាចចាយវាយ ឬប្រើប្រាស់ របស់ព្រះរាជាបាន ត្រឡប់ទៅផ្ទះ យកកែវមណីលាក់ក្នុងចន្លោះក្លៀក ដណ្តប់ សំពត់មកហើយ ដាក់ក្នុងឆ្នាំងទឹក ហើយក៏ចៀសចេញទៅ ។ កាលមហាជន ត្រឡប់ទៅហើយ ពួកមនុស្សរបស់ព្រះរាជា យកដៃរាវក្នុងឆ្នាំងទឹក ក៏ឃើញ កែវមណី ហើយនាំទៅថ្វាយដល់ព្រះរាជា ។ បានឮថា ព្រះអានន្ទត្ថេររក ឃើញកែវមណី ដោយន័យដែលសម្តែងហើយ ។ មហាជនក៏កើតកោលាហល ភ្ញាក់ផ្អើល ។ ភិក្ខុទាំងឡាយនោះ កាលក្រាបទូលហេតុដែលព្រះអានន្ទត្ថេរ ធ្វើល្អនោះ ដល់ព្រះតថាគត ទើបក្រាបទូលរឿងនេះ ។