អដ្ឋកថា បញ្ចរាជសូត្រទី ២

ក្បាលទី 19 · ទំព័រ 557

គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ចរាជសូត្រទី ២ តទៅ បទថា រូប បានដល់ អារម្មណ៍ គឺរូប មានរូបពណ៌ខៀវ និងពណ៌លឿងជាដើម ។ បទថា កាមានំ អគ្គំ សេចក្តីថា អ្នកធ្ងន់ក្នុងរូប ក៏ពោលរូបនោះថា ប្រសើរ ជាងកាមទាំងឡាយ សូម្បីក្នុងអារម្មណ៍ដ៏សេស ក៏ន័យនេះដូចគ្នា ។ បទថា យតោ ប្រែថា ក្នុងកាលណា ។ បទថា មនាបបរិយន្តំ បានដល់ ធ្វើអារម្មណ៍ដែលគួរពេញចិត្ត ឲ្យសម្រេច ឈ្មោះថា របស់ជាទីគាប់ចិត្តបំផុត ។ ក្នុងពាក្យថា មនាបបរិយន្តំ នោះ អារម្មណ៍ដែលគួរពេញចិត្តមាន ២ គឺអារម្មណ៍ដែលគួរពេញចិត្ត របស់បុគ្គល ១ អារម្មណ៍ដែលគួរពេញចិត្ត ដោយសន្មត ១ វត្ថុណា ជា របស់ដែលគួរប្រាថ្នា គួរពេញចិត្តរបស់បុគ្គលម្នាក់ វត្ថុនោះឯងមិនគួរប្រាថ្នាមិ នគួរពេញចិត្តរបស់បុគ្គលដទៃ ឈ្មោះថា វត្ថុដែលគួរពេញចិត្តរបស់បុគ្គល ។ ជាការពិត ជន្លេន រមែងជារបស់ដែលគួរប្រាថ្នា គួរចង់បាន គួរពេញចិត្ត របស់អ្នកបច្ចន្តប្រទេស តែអ្នកមជ្ឈិមប្រទេសខ្ពើមរអើម ។ ចំណែកសាច់ក្ងោកជាដើម ជាទីគួរប្រាថ្នារបស់អ្នកមជ្ឈិមប្រទេសទាំងនោះ តែសម្រាប់អ្នកបច្ចន្តប្រទេសអំពីក្រៅនេះខ្ពើមរអើម ។ នេះ គឺវត្ថុដែល គួរពេញចិត្តរបស់បុគ្គល ។ វត្ថុដែលគួរពេញចិត្តដោយសន្មត តើដូចម្តេច ។ ឈ្មោះថា ឥដ្ឋារម្មណ៍ ( គួរប្រាថ្នា ) និងអនិដ្ឋារម្មណ៍ ( ដែលមិនគួរ ប្រាថ្នា ) ដែលផ្សេងអំពីគ្នាក្នុងលោកមិនមានឡើយ តែក៏គប្បីចែកយកមក សម្តែង ។ តែកាលនឹងចែក ក៏ចាំបាច់លើកព្រះបាទមហាសម្មតបឋម ក្សត្រិយ៍ ព្រះបាទមហាសុទស្សនៈ និងព្រះបាទធម្មាសោកមហារាជជាដើម ចែកជាច្រើន ។