ទោណបាកសូត្រទី ៣

ក្បាលទី 19 · ទំព័រ 561

ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក៏ក្នុង សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយនូវព្រះស្ងោយដែល ពួកពិសេសចម្អិនដោយអង្ករមួយទោណៈ ។ លំដាប់នោះឯង ព្រះបាទ បសេនទិកោសល ទ្រង់សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ស្តេច ចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមាន ព្រះភាគហើយ គង់ក្នុងទីសមគួរ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ព្រះបាទ បសេនទិកោសលនោះ សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ទើប ត្រាស់នូវគាថានេះ ក្នុងវេលានោះថា មនុស្សមានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជន ដែលខ្លួន បានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សា អាយុ ជ្រួតជ្រាបបន្តិចម្តងៗ ។ ក៏សម័យនោះឯង មាណពឈ្មោះសុទស្សនៈ ឈរនៅ ក្រោយព្រះបិដ្ឋិនៃព្រះបាទបសេនទិកោសល ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ហៅសុទស្សនមាណពមកថា ម្នាលបាសុទស្សនៈ អ្នកចូរមក រៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយសូត្រក្នុងកាលដែល នាំមកនូវភត្តដល់អញ អញនឹងឲ្យកហាបណៈមួយរយ ជានិច្ចភត្ត ដល់អ្នក រាល់ថ្ងៃ ។ សុទស្សនមាណព ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសល ថា សូមទ្រង់ព្រះមេត្តាប្រោស ប្រសើរណាស់ ក៏រៀននូវគាថានេះក្នុងសម្នាក់ នៃព្រះមានព្រះភាគ ហើយសូត្រក្នុងកាលនាំភត្តមកថ្វាយព្រះបាទបសេនទិកោសលថា មនុស្សមានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជន ដែលខ្លួន បានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សា អាយុ ជ្រួតជ្រាបបន្តិចម្តងៗ ។