ទុតិយអប្បមាទសូត្រទី ៨

ក្បាលទី 19 · ទំព័រ 580

ព្រះមានព្រះភាគគង់នៅទៀបក្រុងសាវត្ថី … គង់នៅក្នុងទី សមគួរ ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំ ព្រះអង្គពួនសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ធម៌ដែលព្រះមានព្រះភាគ ត្រាស់ហើយដោយប្រពៃ ធម៌ នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរក កល្យាណជន មិនមែនជារបស់បុគ្គលអ្នកមានមិត្តអាក្រក់ អ្នកមាន សម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ ។ បពិត្រមហារាជ នុ៎ះ យ៉ាងនេះមែនហើយ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ ធម៌ដែលតថាគតត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នក មានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជា របស់បុគ្គលអ្នកមានមិត្តអាក្រក់ ជាអ្នកមានសម្លាញ់អាក្រក់ជាអ្នកបង្អោនទៅរក បាបជនឡើយ ។ បពិត្រមហារាជ សម័យមួយ តថាគតនៅក្នុងនិគមឈ្មោះ នគរកៈរបស់ពួកសក្យជន ក្នុងសក្កជនបទឯណោះ ។ បពិត្រមហារាជ លំដាប់នោះឯង ភិក្ខុឈ្មោះអានន្ទ បានចូលទៅរកតថាគត លុះចូលទៅដល់ ថ្វាយបង្គំតថាគត ហើយអង្គុយក្នុងទីសមគួរ ។ បពិត្រមហារាជ លុះអានន្ទភិក្ខុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរក កល្យាណជននេះ ជាគុណពាក់កណ្តាល របស់មគ្គព្រហ្មចរិយៈ ។ បពិត្រ មហារាជ កាលអានន្ទភិក្ខុក្រាបទូលយ៉ាងនេះហើយ តថាគតបានត្រាស់នឹង អានន្ទភិក្ខុដូច្នេះថា ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ឯភាពនៃបុគ្គល អ្នកមានមិត្តល្អ អ្នក