បុគ្គលសូត្រទី ១

ក្បាលទី 19 · ទំព័រ 604

ទៀបក្រុងសាវត្ថី … គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយ គង់នៅក្នុងទីសមគួរ ។ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងព្រះបាទ បសេនទិកោសល ដែលគង់ក្នុងទីសមគួរហើយដូច្នេះថា បពិត្រមហារាជ បុគ្គល ៤ ពួក មានប្រាកដក្នុងលោក បុគ្គល ៤ ពួក តើដូចម្តេច គឺបុគ្គល ងងឹត មានងងឹតទៅខាងមុខ ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ ១ បុគ្គល ភ្លឺ មានងងឹតទៅខាងមុខ ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ ១ ។ បពិត្រមហារាជ បុគ្គលងងឹត មានងងឹតទៅខាងមុខ ដូចម្តេច ។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺក្នុងត្រកូលចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬក៏ត្រកូលធ្វើរថ ត្រកូលអ្នកចោលសំរាម ជាត្រកូលអ្នកក្រីក្រមិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំបាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក បុគ្គលនោះ មានសម្បុរក៏អាក្រក់ មិនគួរមើល ទាប តឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងស្រឡាប ទីដេក ទីសម្នាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី ។ បុគ្គលនោះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ លុះបុគ្គលនោះប្រព្រឹត្ត ទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវេចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់កំណើត តិរច្ឆាន ប្រេត អសុរកាយ និងនរក ។