អដ្ឋកថា បុគ្គលសូត្រទី ១

ក្បាលទី 19 · ទំព័រ 610

គប្បីជ្រាបវិនិច្ឆ័យក្នុងបុគ្គលសូត្រទី ១ នៃបុគ្គលវគ្គទី ៣ ជាបន្ត បុគ្គលឈ្មោះថា តម ព្រោះប្រកបដោយងងឹត មានជាតិជាដើមក្នុង ខាងក្រោយ ក្នុងត្រកូលដ៏ទាប ដែលឈ្មោះថា តមបរាយន ព្រោះចូលដល់ ងងឹត គឺនរកដដែលទៀត ដោយកាយទុច្ចរិតជាដើម ដូច្នោះ ទើបជាការ ដែលលោកពោលដល់ងងឹត គឺខន្ធ សូម្បីដោយបទទាំងពីរ ដែលឈ្មោះថា ជោតិ ព្រោះប្រកបដោយពន្លឺ មានជាតិជាដើមក្នុងខាងក្រោយ ក្នុងត្រកូល មានទ្រព្យសម្បត្តិច្រើន លោកអធិប្បាយថា ជាអ្នកភ្លឺ ។ ដែលឈ្មោះថា ជោតិបរាយន ព្រោះចូលដល់ពន្លឺ គឺការចូលដល់ឋានសួគ៌ទៀតដោយកាយសុចរិតជាដើម ។ គប្បីជ្រាបបុគ្គលទាំងពីរ ក្រៅអំពីនេះ ដោយន័យនេះ ។ បទថា វេណកុលេ បានដល់ ត្រកូលជាងផែង ។ បទថា នេសាទកុលេ បានដល់ ត្រកូលរបស់ពួកព្រានម្រឹគជាដើម ។ បទថា រថការកុលេ បានដល់ ត្រកូលជាងស្បែក ។ បទថា បុក្កុសកុលេ បានដល់ ត្រកូលអ្នកចាក់សំរាមជាដើម ។ បទថា កសិរវុត្តិកេ បានដល់ ចិញ្ចឹមជីវិត បានដោយលំបាក ។ បទថា ទុព្វណ្ណោ បានដល់ មានសម្បុរដូចគល់ឈើ ត្រូវភ្លើងឆេះដូចបិសាចប្រឡាក់ធូលី ។ បទថា ទុទ្ទស្សិកោ បានដល់ អ្នកដែលបានជួបបានឃើញ មិនគាប់ចិត្ត សូម្បីតែម្តាយបង្កើត ។ បទថា ឱកោដិមាកោ បានដល់ ជាមនុស្សទាបតឿ ។ បទថា កាណោ បានដល់ ជាមនុស្សខ្វាក់ភ្នែកម្ខាង ឬខ្វាក់ទាំងសងខាង ។ បទថា កុណី បានដល់ មានដៃក្ងែងតែម្ខាង ឬដៃក្ងែងទាំងសងខាង ។ បទថា ខព្ជោ បានដល់ មានជើងខ្ចកតែម្ខាង ឬជើងខ្ចកទាំងសងខាង ។