អដ្ឋកថា អយ្យិកាសូត្រទី ២

ក្បាលទី 19 · ទំព័រ 615

គប្បីជ្រាបវិនិច្ឆ័យក្នុងអយ្យិកាសូត្រទី ២ តទៅ បទថា ជិណ្ណា បានដល់ គ្រាំគ្រាព្រោះជរា ។ បទថា វុឌ្ឍា បានដល់ ចម្រើនដោយ វ័យ ។ បទថា មហល្លិកា បានដល់ ចាស់ដោយជាតិ ។ បទថា អទ្ធគតា បានដល់កន្លងកាលវែងឆ្ងាយហើយ ។ បទថា វយោអនុប្បត្តា បានដល់ ចូលមកដល់បច្ឆិមវ័យហើយ ។ បទថា បិយា មនាប សេចក្តីថា បានឮថា កាលព្រះជននីរបស់ព្រះរាជាសោយព្រះវិលាល័យហើយ ព្រះរាជាក៏ទ្រង់តែងតាំង ព្រះអយ្យិកាក្នុងតំណែងព្រះជននី ហើយទ្រង់ទំនុកបម្រុង ដោយហេតុ នោះ ទើបទ្រង់មានសេចក្តីស្រឡាញ់ខ្លាំងក្នុងព្រះអយ្យិកា ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា ហត្ថិរតនេន សេចក្តីថា ដំរីមានតម្លៃមួយ សែន ប្រដាប់ដោយគ្រឿងអលង្ការ មានតម្លៃមួយសែន ឈ្មោះថា ហត្ថិរ័តន៍ ។ សូម្បីក្នុងអស្សរ័តន៍ ក៏ន័យនេះដូចគ្នា ។ សូម្បីស្រុកសួយ គឺស្រុកដែល មានពន្ធដារបានកើតឡើងមួយសែននុ៎ះឯង ។ បទថា សព្វានិ តានិ ភេទនធម្មានិ សេចក្តីថា បណ្តា ភាជនរបស់ស្មូនឆ្នាំងទាំងនោះ ភាជន៍ខ្លះដែលស្មូនឆ្នាំងកំពុងធ្វើនុ៎ះឯង តែង បែកទៅ ខ្លះធ្វើរួចហើយ យកចេញពីក្តារយន្ត ក៏បែកខ្លះ ដែលយក ចេញហើយ ពេលដាក់លើដី ក៏បែកខ្លះ ដែលនៅបានយូរជាងនោះបន្តិច ក៏ បែក សូម្បីក្នុងសត្វទាំងឡាយ ក៏យ៉ាងនោះដូចគ្នា អ្នកខ្លះ កាលមាតាស្លាប់ មិនទាន់ទាំងបានចេញពីគភ៌មាតាក៏ស្លាប់ អ្នកខ្លះពេលប្រសូតក៏ស្លាប់ អ្នកខ្លះ រស់នៅបានយូរជាងនោះបន្តិចក៏ស្លាប់ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ។