បព្វតោបមសូត្រទី ៥

ក្បាលទី 19 · ទំព័រ 628

សាវត្ថីនិទាន ។ គ្រានោះ ព្រះបាទបសេនទិកោសលស្តេច ចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមាន ព្រះភាគ ហើយគង់នៅក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា អើហ្ន៎ មហារាជ ព្រះអង្គទើបស្តេចយាងមកពីទីណា ទាំងថ្ងៃត្រង់ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ក្សត្រជាស្តេចបានមុទ្ធាភិសេករួចហើយ ស្រវឹងជ្រប់ដោយភាពជាធំ មានសេចក្តីត្រេកអរក្នុងកាមគ្របសង្កត់ ដល់នូវការមាំមួនក្នុងជនបទ នៅ ត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានរាជកិច្ចណា ឥឡូវនេះ ខ្ញុំព្រះអង្គដល់នូវ ការខ្វល់ខ្វាយចំពោះរាជកិច្ចនោះ ។ បពិត្រមហារាជ ព្រះអង្គសម្គាល់ហេតុនោះដូចម្តេច បុរស របស់ព្រះអង្គក្នុងជនបទនេះ មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកអំពី ទិសខាងកើត បុរសនោះចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូលយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ទើបនឹងមកអំពីទិសខាងកើត បានឃើញភ្នំធំ ខ្ពស់ស្មើនឹងអាកាស រមេលោ មកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូមព្រះអង្គធ្វើកិច្ចដែល ទ្រង់ត្រូវធ្វើឥឡូវនេះចុះ ។ លំដាប់នោះ បុរសទីពីរមកអំពីទិសខាងត្បូង ។ បេ ។ លំដាប់នោះ បុរសទីបីមកអំពីទិសខាងលិច ។ បេ ។ លំដាប់នោះ បុរសទីបួន មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកអំពីទិសខាងជើង បុរសនោះចូលមក គាល់ព្រះអង្គ ក្រាបបង្គំទូលយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង