អដ្ឋកថា បព្វតោបមសូត្រទី ៥

ក្បាលទី 19 · ទំព័រ 632

គប្បីជ្រាបវិនិច្ឆ័យក្នុងបព្វតោបមសូត្រទី ៥ តទៅ បទថា មុទ្ធាវសិត្តានំ បានដល់ អ្នកដែលគេស្រោចទឹកហើយលើព្រះសិរ្ស ដោយ អភិសេកជាក្សត្រិយ៍ ឈ្មោះថា ជាស្តេចបានមុទ្ធាភិសេកហើយ ។ បទថា កាមគេធបរិយុដ្ឋិតានំ ប្រែថា មានសេចក្តីត្រេកអរក្នុងកាម គ្របសង្កត់ ហើយ ។ បទថា ជនបទត្ថាវរិយប្បត្តានំ ប្រែថា ជាអ្នកដល់នូវការមាំទាំ ក្នុងជនបទ ។ បទថា រាជករណីយានិ ប្រែថា កិច្ចរបស់ព្រះរាជា គឺកិច្ច ដែលព្រះរាជាទ្រង់គប្បីធ្វើ ។ បទថា តេស្វាហំ កាត់បទជា តេសុ អហំ ។ បទថា ឧស្សុក្កំ អាបន្នោ ប្រែថា ដល់នូវសេចក្តីខ្វល់ខ្វាយ បានឮថា ព្រះរាជា នោះចូលគាល់ព្រះមានព្រះភាគ មួយថ្ងៃ ៣ ដង ។ ស្តេចទៅរវាងនោះ ក៏ច្រើនដង កាលស្តេចយាងទៅជាប្រចាំ ពួកទាហានក៏ច្រើនខ្លះ តិចខ្លះ តមក ថ្ងៃមួយ ពួកចោរ ៥០០ នាក់ គិតគ្នាថា ព្រះរាជាអង្គនេះយាងទៅគាល់ព្រះសមណ គោតម ដោយពួកពលទាហានតិច ក្នុងវេលាដែលមិនសមគួរ យើង នឹងចាំស្កាត់ពាក់កណ្តាលផ្លូវដណ្តើមទ្រព្យសម្បត្តិ ។ ចោរទាំងនោះ ក៏នាំគ្នា ទៅពួននៅក្នុងព្រៃអន្ធវ័ន ។ ធម្មតាព្រះរាជាទាំងឡាយ ជាអ្នកមានបុញ្ញាធិការច្រើន ។ គ្រានោះ បុរសម្នាក់ចេញអំពីក្រុមចោរទាំងនោះឯង ក្រាបទូលដល់ព្រះរាជា ។ ព្រះរាជា ក៏នាំពួកទាហានចំនួនច្រើន ទៅព័ទ្ធព្រៃអន្ធវ័ន ចាប់បានចោរទាំងអស់ នោះ ឲ្យគេបោះឈើអណ្តោតជិតទាំងសងខាងផ្លូវ តាំងអំពីអន្ធវ័នរហូតដល់ ទ្វារនគរ ឲ្យពួកចោរភ័យខ្លាចចំពោះឈើអណ្តោតទាំងឡាយ ដោយប្រការ ដែលពួកចោរ បានតែយកភ្នែកសម្លឹងមើលភ្នែកនៃគ្នានិងគ្នា ព្រះរាជាទ្រង់ សំដៅដល់រឿងនេះ ទើបត្រាស់យ៉ាងនេះ ។