តបោកម្មសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹង នេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ មានព្រះហប្ញទ័យត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញរួចចាកទុក្ករកិរិយានោះហើយហ្ន៎ ឱហ្ន៎ អាត្មាអញរួចចាកទុក្ករកិរិយា ដែលមិនប្រកបដោយប្រយោជន៍នោះល្អហើយ ឱហ្ន៎ អាត្មាអញ ជាអ្នកបាន ត្រាស់ដឹងនូវពោធិញ្ញាណប្រពៃហើយ ។ លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុង ព្រះហបឫទ័យ របស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅជិត ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគដោយ គាថាថា ពួកមាណព ចេញចាកតបោកម្ម ហើយបរិសុទ្ធ ដោយ ផ្លូវណា ព្រះអង្គជាអ្នកមិនទាន់បរិសុទ្ធ ដើរវាងផ្លូវដ៏បរិសុទ្ធ នោះ ហើយសម្គាល់ខ្លួនថា ជាអ្នកបរិសុទ្ធ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារ មាន ចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាប ទាំងឡាយថា តថាគត ដឹងនូវតបៈដទៃណាមួយ ដែលមិនប្រកបដោយ ប្រយោជន៍ថា តបៈទាំងអស់មិនជាតបៈនាំមកនូវប្រយោជន៍ ឡើយ ដូចបុគ្គលកាន់ច្រវា និងថ្នោល អុំដោលទូកលើគោក ដូច្នេះហើយ ចម្រើននូវសីលផង នូវសមាធិផង នូវបញ្ញា ផង ដើម្បីត្រាស់ដឹងនូវមគ្គ ឥឡូវនេះ ក៏បានដល់នូវសេចក្តី បរិសុទ្ធិដ៏ប្រសើរហើយ ម្នាលមារ អ្នកឯង តថាគតបាន កម្ចាត់ចេញហើយ ។