នាគសូត្រទី ២

ក្បាលទី 19 · ទំព័រ 641

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរ ឆ្នេរនៃស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង ។ ជួនជា ភ្លៀង ក៏រលឹមស្រឹបៗ ។ លំដាប់នោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើងដល់ព្រះមានព្រះភាគ ក៏និម្មិត ភេទជាស្តេចដំរីធំ ហើយចូលសំដៅទៅរកព្រះមានព្រះភាគ ។ ក្បាលរបស់ ដំរីនោះ មានទំហំបុនថ្មខ្មៅដ៏ធំ ។ ភ្លុករបស់វា ដូចប្រាក់សុទ្ធ ។ ប្រមោយ របស់វា ដូចយាមនង្គ័លដ៏ធំ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់ថា នេះជាមារ មានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយ គាថាដូច្នេះថា អ្នកឯង កាលអន្ទោលទៅមកអស់កាលយូរអង្វែង បាន ដំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារមានចិត្តបាប អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគតបានកម្ចាត់ចោលស្រឡះហើយដែរ ។ គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ តូចចិត្ត ដោយគិតថា ព្រះមាន ព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាក ទីនោះទៅ ។ ៨