អដ្ឋកថា នាគសូត្រទី ២

ក្បាលទី 19 · ទំព័រ 642

គប្បីជ្រាបវិនិច្ឆ័យក្នុងនាគសូត្រទី ២ តទៅ បទថា រត្តន្ធការតិមិសាយំ បានដល់ ក្នុងរាត្រីដ៏ងងឹតសូន្យឈឹង គឺងងឹតមានអង្គ ៤ ដែលធ្វើឲ្យដូចជាមនុស្សភ្នែកខ្វាក់ ។ បទថា អជ្ឈោកាសេ និសិន្នោ ហោតិ សេចក្តីថា យាងចេញអំពីព្រះគន្ធកុដិ ដាក់ចីវរផ្ទាំងធំលើព្រះសិរ្ស គង់កំណត់សេចក្តីព្យាយាមលើផ្ទាំងថ្ម ខាងចុងទីចង្រ្កម ។ សួរថា មគ្គដែលព្រះតថាគតនៅមិនទាន់ចម្រើន កិលេសនៅមិនទាន់ បានលះ អកុប្បធម៌នៅមិនទាន់ចាក់ធ្លុះ ឬនិរោធដែលនៅមិនទាន់ធ្វើឲ្យជាក់ច្បាស់ របស់ព្រះតថាគត មិនមានឡើងមិនមែនឬ ព្រោះហេតុអ្វី ទើបទ្រង់ធ្វើ យ៉ាងនោះ ឆ្លើយថា ព្រះសាស្តា ទ្រង់ពិចារណាឃើញប្រយោជន៍ដូចកង្វេរដំរី សម្រាប់កុលបុត្រទាំងឡាយក្នុងអនាគតថា កុលបុត្រទាំងឡាយក្នុងអនាគតកាល រពឫកដល់ផ្លូវដែលតថាគតដើរទៅហើយ សម្គាល់ដល់ទីដែលគួរនៅក្នុង ទីវាល នឹងធ្វើកម្ម គឺសេចក្តីព្យាយាម ទើបទ្រង់ធ្វើយ៉ាងនោះ ។ បទថា មហា ប្រែថា ធំ ។ បទថា អរិដ្ឋកោ ប្រែថា ខ្មៅ ។ បទថា មណិ បានដល់ ថ្ម ។ បទថា ឯវមស្ស សីសំ ហោតិ សេចក្តីថា ក្បាលរបស់ដំរីនោះ ក៏យ៉ាងនោះ គឺដូចដុំថ្មធំពណ៌ខ្មៅ បុនផ្ទះ កំពូល ។ ដោយបទថា សុភាសុភំ ព្រះមានព្រះភាគត្រាស់ថា អ្នក ត្រាច់ទៅអស់កាលយូរ មកដំណែងភេទល្អខ្លះ មិនល្អខ្លះ ។ ម្យ៉ាងទៀត បទថា សំសរំ ប្រែថា កាលត្រាច់មក ។ បទថា ទីឃមទ្ធានំ បានដល់ អស់ ចម្ងាយផ្លូវ តាំងអំពីផែនដីរបស់វសវត្តី រហូតដល់ឧរុវេលា និងអស់កាល យូរអង្វែង ពោល គឺសម័យទ្រង់ធ្វើទុក្ករកិរិយាអស់ ៦ ឆ្នាំ មុនការត្រាស់ដឹង ។