សុភសូត្រទី ៣

ក្បាលទី 19 · ទំព័រ 644

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ទាប ឆ្នេរនៃស្ទឹងនេរញ្ជរាក្នុងឧរុវេលាប្រទេស ។ ក៏សម័យនោះឯងព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង ។ ជួនជាភ្លៀង ក៏រលឹមស្រឹបៗ ។ គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញ៉ាំងភ័យ សេចក្តី តក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើងដល់ព្រះមានព្រះភាគ ក៏ចូលសំដៅ ទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សម្តែងនូវភេទដ៏ខ្ពស់ និង ទាប ល្អខ្លះ មិនល្អខ្លះ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជា មារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះដោយ គាថាដូច្នេះថា អ្នកឯង កាលអន្ទោលទៅមកអស់កាលយូរអង្វែង បាន ដំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារ អ្នកឯង មិនគួរ នឹងធ្វើដូច្នោះឡើយ ម្នាលមារ អ្នកឯង តថាគតបានកម្ចាត់ ចោលស្រឡះហើយ ( ព្រោះថា ) បុគ្គលទាំងឡាយណា បានសង្រួមល្អ ដោយកាយ ដោយវាចា ដោយចិត្តហើយ ម្នាលមារ បុគ្គលនោះឯង មិនលុះក្នុងអំណាចអ្នកឯងឡើយ មិនមែនជាសិស្សគណ របស់អ្នកឯងជាមារឡើយ ។ គ្រានោះ មារមានចិត្តបាប ។ បេ ។ ក៏អន្តរធានចាកទីនោះទៅ ។ ៨