បឋមបាសសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អរហត្តផល វិមុត្តិដ៏ប្រសើរ តថាគតបានសម្រេចហើយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះការយកចិត្តទុកដាក់ដោយឧបាយ ព្រោះ សេចក្តីព្យាយាមដ៏ល្អ ដោយឧបាយ ម្នាលភិក្ខុទាំងឡាយ ទាំងចំណែកអ្នក ទាំងឡាយ ក៏ចូរសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ចូរធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ព្រោះការយកចិត្តទុកដាក់ដោយឧបាយ ព្រោះ សេចក្តីព្យាយាមដ៏ល្អ ដោយឧបាយ ។ គ្រានោះឯង មារមានចិត្តបាប បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា ព្រះអង្គ ជាប់ហើយដោយអន្ទាក់នៃមារ អន្ទាក់ទាំងឡាយ ណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គ ជាប់ហើយដោយអន្ទាក់ទាំងនោះ ព្រះអង្គជាប់ចំពាក់ហើយ ដោយចំណងនៃមារ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច ( ចាកវិស័យ ) របស់ខ្ញុំឡើយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា តថាគតរួចហើយ ចាកអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតា ក្តី ជារបស់មនុស្សក្តី តថាគតបានរួចស្រឡះហើយចាកអន្ទាក់ ទាំងនោះ តថាគតរួចហើយចាកចំណងរបស់មារ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគតកម្ចាត់បានហើយដែរ ។ គ្រានោះ មារមានចិត្តបាប ។