អដ្ឋកថា បឋមបាសសូត្រទី ៤

ក្បាលទី 19 · ទំព័រ 647

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបាសសូត្រទី ៤ តទៅ បទថា យោនិសោមនសិការា បានដល់ ព្រោះយកចិត្តទុកដាក់ដោយឧបាយ ។ បទថា យោនិសោសម្មប្បធានា បានដល់ ព្រោះសេចក្តីព្យាយាមដ៏ល្អដោយ ឧបាយ ព្រោះសេចក្តីព្យាយាមដ៏ល្អដោយហេតុ ។ បទថា វិមុត្តិ បានដល់ វិមុត្តិដែលសម្បយុត្តដោយអរហត្តផល ។ បទថា អជ្ឈភាសិ សេចក្តីថា មារគិតថា ព្រះសមណគោតមនេះធ្វើសេចក្តីព្យាយាម សូម្បីខ្លួនឯងសម្រេចព្រះអរហត្តហើយ ក៏មិន ពេញចិត្ត ឥឡូវនេះ ធ្វើសេចក្តីឧស្សាហ៍ឲ្យជនដទៃថា ពួកអ្នកចូរនាំគ្នា សម្រេចអរហត្ត អញចាំបាច់កម្ចាត់ព្រះសមណគោតមចេញ ដូច្នេះ ទើបបាន ពោលយ៉ាងនោះ ។ បទថា មារបសេន បានដល់ អន្ទាក់គឺកិលេស ។ ដោយបទថា យេ ទិព្វា យេ ច មានុសា មារពោលថា ឈ្មោះថា អន្ទាក់នៃមារណា ពោលគឺ កាមគុណដ៏ជាទិព្វ និងពោលគឺកាមគុណដែលជារបស់មនុស្សមាន ព្រះអង្គ ត្រូវអន្ទាក់មារនោះចងហើយ ។ បទថា មារពន្ធនពន្ធោ ប្រែថា ត្រូវអន្ទាក់ មារចង ឬជាប់អន្ទាក់នៃមារ ។ បទថា ន មេ សមណ មោក្ខសិ សេចក្តី ថា បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ ។