ទុតិយបាសសូត្រទី ៥

ក្បាលទី 19 · ទំព័រ 649

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ កាលព្រះមាន ព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាល ភិក្ខុទាំងឡាយ តថាគតរួចហើយចាកអន្ទាក់ទាំងអស់ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ ទាំងអ្នកទាំងឡាយសោត ក៏បានរួច ចាកអន្ទាក់ទាំងអស់ដែរ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បី សេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ តែអ្នកទាំងឡាយកុំទៅពីរនាក់ តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាល ភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ សម្តែងធម៌ មានលម្អបទដើម លម្អបទ កណ្តាល លម្អបទចុង បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ អ្នកទាំងឡាយ ចូរ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ សត្វទាំងឡាយ ដែល មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក គឺបញ្ញា សត្វទាំងនោះ នឹងសាបសូន្យ ( ចាកមគ្គផល ) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយបម្រុងនឹងត្រាស់ដឹង ធម៌ក៏មានដែរ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅឯសេនា និគម ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ ។