អដ្ឋកថា ទុតិយបាសសូត្រទី ៥

ក្បាលទី 19 · ទំព័រ 650

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយបាសសូត្រទី ៥ តទៅ បទថា មុត្តាហំ ប្រែថា តថាគតរួចហើយ ។ សូត្រខាងដើម ត្រាស់ខាងក្នុងវស្សា ចំណែកសូត្រនេះ ត្រាស់ក្នុងវេលាបវារណាចេញវស្សាហើយ ។ បទថា ចារិកំ បានដល់ ចារិកទៅតាមលំដាប់ ។ ត្រាស់ថា ពួកអ្នកចូរត្រាច់ទៅកាន់ ចារិកមួយថ្ងៃមួយយោជន៍យ៉ាងច្រើន ។ បទថា មា ឯកេន ទ្វេ ប្រែថា កុំទៅផ្លូវមួយពីរនាក់ ។ ដ្បិតថា កាលទៅផ្លូវមួយពីរនាក់ កាលម្នាក់ពោលធម៌ ម្នាក់ទៀត ក៏ត្រូវឈរស្ងៀម ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា កល្យាណំ ក្នុងបទថា អាទិកល្យាណំ ជាដើម ប្រែថា លម្អ ខាងដើម កណ្តាល និងខាងចុងក៏ដូចគ្នា ក៏ឈ្មោះថា ខាងដើម កណ្តាល និងខាងចុងនេះ មាន ២ គឺសាសនា និងទេសនា ។ ក្នុង ២ យ៉ាងនោះ សីល ជាខាងដើមរបស់សាសនា សមថ វិបស្សនា និងមគ្គជាកណ្តាល ផល និងនិព្វាន ជាខាងចុង ។ ម្យ៉ាងទៀត សីល និងសមាធិជាខាងដើម វិបស្សនា និងមគ្គជាកណ្តាល ផល និងនិព្វានជាខាងចុង ម្យ៉ាងទៀត សីល សមាធិ វិបស្សនាជាខាងដើម មគ្គជាកណ្តាល ផល និងនិព្វានជាខាងចុង ។ ចំណែកទេសនា សម្រាប់គាថា ៤ បទជាមុន បទទី ១ ជាខាងដើម បទទី ២-៣ ជាកណ្តាល បទទី ៤ ជាទីបំផុត សម្រាប់ ៥ បទ ឬ ៦ បទ បទ ដំបូងជាខាងដើម បទខាងចុងជាខាងចុង ដែលនៅសល់ ជាកណ្តាល ។ សម្រាប់ព្រះសូត្រមានអនុសន្ធិមួយ និទានខាងដើមជាខាងដើម ។ និគមខាង ចុងថា ឥទមវោច ជាខាងចុង ពាក្យដែលនៅសល់ជាកណ្តាល ។ សម្រាប់ ព្រះសូត្រមានអនុសន្ធិច្រើន សូម្បីច្រើនត្រង់កណ្តាល ក៏ចាត់ជាអនុសន្ធិមួយ បុណ្ណោះ ពាក្យនិទានជាខាងដើម និគមពាក្យខាងចុងថា ឥទមវោច ជា ខាងចុង ។