អដ្ឋកថា សប្បសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងសប្បសូត្រទី ៦ តទៅ បទថា សោណ្ឌិកា កិលញ្ជំ បានដល់ កន្ទេលផែងសម្រាប់ហាលម្សៅ របស់ពួក អ្នកធ្វើសុរា ។ បទថា កោសលិកា កំសចាដិ បានដល់ ភាជន៍សម្រាប់ សោយ ទំហំបុនកង់រាជរថរបស់ព្រះបាទកោសល ។ បទថា គឡគឡាយន្តេ បានដល់ បញ្ចេញសំឡេងខ្លាំង ។ បទថា កម្មារគគ្គរិយា បានដល់ ស្នប់ ភ្លើងរបស់ជាងមាស ។ បទថា ធម៌មានាយ បានដល់ ឲ្យពេញដោយខ្យល់ ក្នុងថង់ស្បែក ។ បទថា ឥតិ វិទិត្វា សេចក្តីថា មារគិតថា ព្រះសមណគោតមប្រកបសេចក្តីព្យាយាមរឿយៗ អង្គុយជាសុខ អញនឹងបៀតបៀន ព្រះអង្គមើល ហើយនិម្មិតអត្តភាពមានប្រការដូចពោលហើយ ទើបលូន សន្សឹមៗ ទៅក្នុងទីដែលទ្រង់ធ្វើសេចក្តីព្យាយាម ព្រះមានព្រះភាគទ្រង់ទត ឃើញដោយពន្លឺផ្លេកបន្ទោរ ទ្រង់រំពឹងមើលថា សត្វនេះ ជាអ្វីហ្ន៎ ទ្រង់ជ្រាប ថា អ្នកនេះជាមារ ដូច្នេះ ។ បទថា សុញ្ញគេហានិ ប្រែថា ផ្ទះស្ងាត់ ។ បទថា សេយ្យា សេចក្តី ថា អ្នកណាគប់រកនូវផ្ទះស្ងាត់ទាំងឡាយ ដើម្បីដេក គឺត្រូវការយ៉ាងនេះថា អញនឹងឈរ នឹងដើរ នឹងអង្គុយ នឹងដេក ។ បទថា សោ មុនិ អត្តសញ្ញតោ សេចក្តីថា ពុទ្ធមុនីអង្គណា មានខ្លួនសង្រួមហើយ ព្រោះមិនមាន ការរពឹសដៃ និងជើង ។ បទថា វោស្សជ្ជ ចរេយ្យ តត្ថ សោ សេចក្តីថា ពុទ្ធមុនីនោះ លះបង់នូវសេចក្តីអាល័យ ក្នុងអត្តភាពនោះ ត្រាច់ទៅ ។ បទថា បដិរូបំ ហិ តថាវិធស្ស តំ សេចក្តីថា ការលះបង់សេចក្តីអាល័យក្នុង អត្តភាពនោះ ត្រាច់ទៅរបស់ពុទ្ធមុនី មានសភាពដូច្នោះ គឺអ្នកដែលតាំងនៅ យ៉ាងនោះ ជាការសមគួរ ជាការប្រពៃ ។