សុប្បតិសូត្រទី ៧

ក្បាលទី 19 · ទំព័រ 658

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រា នោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាលស្រឡះដល់យប់ជ្រៅ ទ្រង់ លាងព្រះបាទទាំងគូ ក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលកាន់វិហារ សម្រេច នូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ ទ្រង់មាន សតិសម្បជញ្ញៈ យកព្រះហប្ញទ័យទុកដាក់នូវឧដ្ឋានសញ្ញា ។ គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរក ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា ព្រះអង្គផ្ទំលក់ដូចម្តេច ព្រោះហេតុដូចម្តេចហ្ន៎ បានជាព្រះអង្គ ផ្ទំលក់ ហេតុដូចម្តេច បានជាព្រះអង្គផ្ទំលក់ ដូចជាមនុស្ស ស្លាប់ ព្រះអង្គផ្ទំលក់ ដោយស្មានថា សុញ្ញាគារស្ថាន អាត្មា អញ ( បានហើយ ) ព្រះអាទិត្យរះឡើងហើយ ហេតុដូចម្តេច បានជាព្រះអង្គនៅតែផ្ទំលក់ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់តបថា បុគ្គលណា មិនមាន តណ្ហាដូចជាបណ្តាញ ដែលជាប់ទៅក្នុងអារម្មណ៍ផ្សេងៗ ដើម្បីនាំទៅក្នុងភព ណាមួយទេ បុគ្គលនោះ ឈ្មោះថា ជាព្រះពុទ្ធ តែងដេកលក់ ព្រោះការអស់ ទៅនៃឧបធិទាំងពួង ម្នាលមារ ចុះមានប្រយោជន៍អ្វីដល់អ្នកឯង ក្នុងដំណើរ នោះ ។ គ្រានោះឯង មារមានចិត្តបាប ។ បេ ។ ក៏អន្តរធានចាកទីនោះទៅ ។ ៨