បឋមអាយុសូត្រទី ៩

ក្បាលទី 19 · ទំព័រ 663

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ កាល ព្រះមានព្រះភាគទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះ តិចណាស់ សត្វដែលត្រូវទៅកាន់ បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាង យូរ ត្រឹមមួយរយឆ្នាំ ឬថយចុះមកក៏មាន លើសជាងបន្តិចក៏មាន ។ គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគដោយគាថាដូច្នេះថា អាយុរបស់មនុស្សទាំងឡាយវែង សប្បុរសមិនគួរខ្ពើមឆ្អើម អាយុនោះឡើយ បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យដូចជាកូនក្មេងស្រវឹង ទឹកដោះ ( ព្រោះថា ) ដំណើរមកនៃមច្ចុមិនមានទេ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អាយុរបស់មនុស្សទាំងឡាយ តិច សប្បុរសគួរខ្ពើមឆ្អើមអាយុនោះ បុគ្គលគួរខំប្រព្រឹត្ត ( សុចរិត ) ដូចបុគ្គលដែលភ្លើងកំពុងឆេះក្បាល ( ព្រោះ ) ដំណើរមិនមកនៃសេចក្តីស្លាប់ មិនមានឡើយ ។ គ្រានោះ មារមានចិត្តបាប ។ បេ ។ ក៏បាត់ចាកទីនោះទៅ ។