ទុតិយអាយុសូត្រទី ១០

ក្បាលទី 19 · ទំព័រ 665

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងរាជគ្រឹះ ។ បេ ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះ តិចពេក សត្វដែល ត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែល កើតហើយ ឈ្មោះថា មិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គល រស់នៅយ៉ាងយូរ ត្រឹមមួយរយឆ្នាំ ឬថយតិចចុះក៏មាន លើសជាងបន្តិចទៅ ក៏មាន ។ គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគដោយគាថាដូច្នេះថា បើថ្ងៃ និងយប់ មិនកន្លងទៅ ជីវិតក៏មិនរួញថយចុះដែរ អាយុ នៃសត្វទាំងឡាយ តែងប្រព្រឹត្តទៅតាម ( ថ្ងៃ និងយប់ ) ដូច ខ្នងកង់ ដែលវិលទៅតាមក្បាលក្រពើនៃរទេះ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិតតែងរួញថយចុះមក អាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ ។ គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ ។ បញ្ជីរឿងនៃតបោកម្មវគ្គនោះ គឺ តបោកម្មសូត្រ ១ នាគសូត្រ ១ សុភសូត្រ ១ បឋមបាសសូត្រ ១ ទុតិយបាសសូត្រ ១ សប្បសូត្រ ១ សុប្បតិសូត្រ ១ នន្ទនសូត្រ ១ បឋមអាយុសូត្រ ១ ទុតិយអាយុសូត្រ ១ ។ ៨