បាសាណសូត្រទី ១
ក្បាលទី 19 · ទំព័រ 667
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង ទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង ។ ជួនជាមានភ្លៀង រលឹមស្រឹបៗ ។ គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញ៉ាំងភ័យ សេចក្តី តក់ស្លុត សេចក្តីព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ប្រមៀលថ្មធំៗ ក្នុងទីជិតនៃ ព្រះមានព្រះភាគ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាបដូច្នេះ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថាដូច្នេះថា បើទុកជាអ្នកឯង ប្រមេលោភ្នំគិជ្ឈកូដអស់ទាំងមូល ក៏ព្រះពុទ្ធ ទាំងឡាយ ដែលមានចិត្តផុតស្រឡះដោយប្រពៃហើយ មិន បានញាប់ញ័រទេ ។ គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ ។