អដ្ឋកថា សកលិកសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងសកលិកសូត្រទី ៣ តទៅ បទថា មន្ទិយា នុ សេសិ បានដល់ ព្រះអង្គផ្ទំលក់ដោយសេចក្តីល្ងង់ ដោយ សេចក្តី វង្វេងជ្រប់ ។ បទថា ឧទាហុ កាវេយ្យមត្តោ បានដល់ ឬក៏ ព្រះអង្គផ្ទំលក់ដូចកវីដេកសញ្ជឹងគិតពាក្យដែលនឹងគប្បីពោល ជ្រប់ងប់ដោយ ហេតុដែលនឹងគប្បីតែងនោះ ។ បទថា សម្បចុរា ប្រែថា ច្រើន ។ បទថា កិមិទំ សោប្បសេវ បានដល់ ព្រោះហេតុអ្វី ទើបព្រះអង្គផ្ទំលក់យ៉ាងនេះ ។ បទថា អត្ថំ សមេច្ច បានដល់ មកដល់ព្រម គឺសម្រេច ប្រយោជន៍ហើយ ដោយថាតថាគតមិនមានប្រយោជន៍ ( សេចក្តីត្រូវការ ) ថា ដែលឈ្មោះថា អ្នកមិនជាប់ជំពាក់ ក៏វិបត្តិចាកអ្នកជាប់ជំពាក់ ដូច្នេះ ។ បទថា សល្លំ បានដល់ លំពែង និងកូនសរដ៏មុត ។ បទថា ជគ្គំ ន សង្កេមិ សេចក្តីថា តថាគតទោះដើរលើផ្លូវក៏មិនរង្កៀស ដូចមនុស្សខ្លះ ដើរ ទៅក្នុងផ្លូវ មានសីហៈជាដើម ក៏រង្កៀស ។ បទថា នបិ ភេមិ សោត្តុំ សេចក្តីថា តថាគតលែងខ្លាចនឹងការដេកលក់ ដូចមនុស្សខ្លះ ខ្លាចនឹងការដេកលក់ ក្នុងផ្លូវសីហៈជាដើម ។ បទថា នានុបតន្តិ មា មំ សេចក្តីថា មនុស្សទាំងឡាយមិនតាមដុតកម្តៅនឹងតថាគតដូចកាលអាចារ្យ ឬអន្តេវាសិក មានជំងឺ អន្តេវាសិករវល់តែសិក្សារៀនសូត្រ និងសាកសួរ យប់ និងថ្ងៃ កន្លងទៅ ក៏ក្តៅក្រហាយ ដ្បិតថា កិច្ចដែលនៅមិនទាន់ចប់ស្រេចណាមួយ របស់តថាគតមិនមាន ។ ដោយហេតុនោះឯង ទើបព្រះមានព្រះភាគត្រាស់ ថា ហានឹ ន បស្សាមិ កុហិញ្ចិ លោកេ តថាគតមិនបានឃើញសេចក្តី សាបសូន្យណាមួយក្នុងលោកឡើយ ។