បត្តសូត្រទី ៦

ក្បាលទី 19 · ទំព័រ 678

ក្នុងវត្តទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមាន ព្រះភាគ ទ្រង់លើកយកឧបាទានក្ខន្ធទាំង ៥ ប្រការមកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយដោយធម្មីកថា ។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀក ប្រុងចាំស្តាប់ធម៌ ។ លំដាប់នោះឯង មារមានចិត្តបាប មាន សេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមនេះឯង លើកយកឧបាទានក្ខន្ធទាំង ៥ ប្រការមកពន្យល់ភិក្ខុទាំងឡាយឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តី ខ្មីឃ្មាត ឲ្យរីករាយដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុក ក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញចូលទៅរកព្រះសមណគោតម ដើម្បីនឹងធ្វើបញ្ញាចក្ខុឲ្យវិនាស ចេញ ។ ក៏សម័យនោះឯង ចួនជាមានបាត្រច្រើន ដែលដាក់ទុកក្នុងទីវាល ស្រឡះ ។ គ្រានោះ មារមានចិត្តបាប បាននិម្មិតខ្លួនឲ្យមានភេទដូចជា គោ ហើយដើរសំដៅទៅត្រង់បាត្រទាំងនោះ ។ គ្រានោះឯង ភិក្ខុ ១ រូប បានស្រែកប្រាប់ទៅភិក្ខុ ១ រូបថា ហ៏ភិក្ខុ ភិក្ខុ គោនុ៎ះ បំបែកបាត្រហើយ ។ កាលបើភិក្ខុនោះពោលដូច្នោះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុ នោះ ដូច្នេះថា នែភិក្ខុ នុ៎ះមិនមែនជាគោទេ នុ៎ះឯង គឺមារមានចិត្តបាប មក ដើម្បីធ្វើបញ្ញាចក្ខុរបស់អ្នកទាំងឡាយឲ្យវិនាស ទេតើ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ