អដ្ឋកថា បត្តសូត្រទី ៦

ក្បាលទី 19 · ទំព័រ 679

គប្បីជ្រាបវិនិច្ឆ័យក្នុងបត្តសូត្រទី ៦ តទៅ បទថា បញ្ចន្នំ ឧបទានក្ខន្ធានំ ឧបទាយ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់កាន់យក ឧបាទានក្ខន្ធ ៥ ឡើងមកសម្តែងចែក ដោយប្រការផ្សេងៗ ដោយអំណាច សភាវៈ និងសាមញ្ញលក្ខណៈ ។ បទថា សន្ទស្សេតិ បានដល់ ទ្រង់សម្តែង សភាវៈ និងលក្ខណៈជាដើមរបស់ខន្ធទាំងឡាយ ។ បទថា សមាទបេតិ បានដល់ ទ្រង់ឲ្យកាន់យក ។ បទថា សមុត្តេជេតិ បានដល់ ទ្រង់ឲ្យកើត ឧស្សាហ៍ក្នុងការសមាទានកាន់យក ។ បទថា សម្បហំសេតិ បានដល់ ទ្រង់ ឲ្យផូរផង់ ឲ្យភ្លឺស្វាងដោយគុណដែលចាក់ធ្លុះហើយ ។ បទថា អដ្ឋិកត្វា ប្រែ ថា ធ្វើឲ្យជាប្រយោជន៍ បានដល់ កំណត់យ៉ាងនេះថា អញគប្បីបានប្រយោជន៍នេះ ហើយត្រូវការដោយទេសនានោះ ។ បទថា មនសិករិត្វា បាន ដល់ តាំងទុកក្នុងចិត្ត ។ បទថា សព្វចេតសោ សមន្នាហរិត្វា បានដល់ ប្រមូលមកដោយចិត្តដែលធ្វើការទាំងអស់នោះ ។ បទថា ឱហិតសោតា បាន ដល់ ផ្ទៀងត្រចៀក ។ បទថា អជ្ឈោកាសេ និក្ខិត្តា បានដល់ បាត្រដែល ពួកភិក្ខុដាក់ទុកក្នុងទីវាល ។ បទថា រូបំ វេទយិតំ សញ្ញំ បានដល់ ខន្ធ ៣ មានរូប ជាដើម ។ ទ្រង់កាន់យកសង្ខារក្ខន្ធ ដោយបទនេះថា យញ្ច សង្ខតំ ។ បទថា ឯវំ តត្ថ វិរជ្ជតិ បានដល់ ព្រះអរិយសាវ័កកាលឃើញថា នុ៎ះមិនមែន ជាអាត្មាអញ នុ៎ះមិនមែនជារបស់អញ រមែងនឿយណាយក្នុងខន្ធទាំងនោះ យ៉ាងនេះ ។ បទថា ខេមត្តំ បានដល់ អត្តភាពដែលមានសេចក្តីក្សេម ព្រះមាន ព្រះភាគទ្រង់សម្តែងខណៈនៃផលចិត្ត ដោយបទនេះ ។