អដ្ឋកថា អាយតនសូត្រទី ៧
ក្បាលទី 19 · ទំព័រ 682
គប្បីជ្រាបវិនិច្ឆ័យក្នុងអាយតនសូត្រទី ៧ តទៅ បទថា ផស្សាយតនានំ បានដល់ អាយតនៈទាំងឡាយនៃផស្សៈ ដែលឈ្មោះថា ប្រព្រឹត្តទៅក្នុងទ្វារ ៦ ព្រោះអត្ថថា ជាទីប្រជុំដោយសញ្ជាតិ ។ បទថា ភយភេរវំ សទ្ទំ បានដល់ សំឡេងដែលនាំឲ្យកើត សេចក្តីភ័យខ្លាច ដូចសំឡេងផ្គរ និងសំឡេងរន្ទះ ។ បទថា បឋវី មញ្ញេ ឧទ្រីយតិ បានដល់ មហាប្រឹថពី ដូចជាធ្វើសំឡេងថា បដៈ បដៈ ។ បទថា ឯត្ថ លោកោ សមុច្ឆិតោ បានដល់ ( សត្វ ) លោកជ្រុលជ្រប់ក្នុងអារម្មណ៍ទាំង ៦ នេះ ។ បទថា មារធេយ្យំ បានដល់ វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាទីតាំងនៃមារ ។