អដ្ឋកថា បិណ្ឌសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យ ក្នុងបិណ្ឌសូត្រទី ៨ តទៅ បទថា បហុនកានិ ភវន្តិ សេចក្តីថា វត្ថុសម្រាប់ទទួលភ្ញៀវដែលគប្បីបញ្ជូនទៅក្នុង ទីនោះៗ ក្នុងថ្ងៃនក្ខត្តឫក្សបែបនោះ ឬទេយ្យទានជាបណ្ណាការ សម្រាប់ ទទួលភ្ញៀវ បានឮថា ថ្ងៃនោះ ជាថ្ងៃសយំចរណទិវស គឺថ្ងៃដែលដើរដោយ សេរី ពួកកំលោះៗ ដែលមានវ័យ និងជាតិស្មើគ្នា ដែលត្រកូលគ្រប់គ្រង ហើយក៏ចេញទៅប្រជុំគ្នា ។ សូម្បីពួកក្រមុំៗ ក៏តែងខ្លួនដោយគ្រឿងតាក់តែង ដ៏សមគួរដល់សម្បត្តិរបស់ខ្លួន ដើរទៅក្នុងទីនោះៗ ។ ក្នុងបណ្តាពួកកំលោះ ក្រមុំទាំងនោះ ពួកក្រមុំ ក៏ជូនបណ្ណាការ គឺរបស់គាប់ចិត្តឲ្យដល់ពួកកំលោះៗ ដែលខ្លួនពេញចិត្ត ។ ពួកកំលោះៗ ក៏ជូនបណ្ណាការឲ្យពួកក្រមុំៗ ដូចគ្នា ។ កាលមិនមានគ្រឿងបណ្ណាការដទៃ ដោយហោចទៅ ក៏បំពាក់ដោយផ្កាកម្រង ។ បទថា អន្វាវិដ្ឋា បានដល់ ចូលជ្រែកហើយ ។ បានឮថា ថ្ងៃនោះ ពួកស្រី ក្រមុំ ៥០០ នាក់ កំពុងដើរលេងក្នុងសួន ជួបព្រះសាស្តាតាមផ្លូវដែលមក ក៏គប្បីថ្វាយ មន្ទបូវំ ( នំទន់ ) ។ ទើបព្រះសាស្តាទ្រង់សម្តែងបកិណ្ណកធម្មទេសនា ដើម្បីអនុមោទនាទានរបស់ពួកស្រីទាំងនោះ ។ កាលចប់ ទេសនា ពួកស្រីទាំងអស់ គប្បីតាំងនៅក្នុងសោតាបត្តិផល ដូច្នោះ ទើបមារ ចូលជ្រែកចិត្ត ដោយបំណងនឹងធ្វើអន្តរាយដល់សម្បត្តិនោះ ។ តែក្នុងបាលី លោកពោលត្រឹមតែថា កុំឲ្យព្រះសមណគោតមបានចង្ហាន់ ។ សួរថា ព្រះសាស្តាទ្រង់មិនជ្រាបការជ្រែកចិត្តរបស់មារឬ ទើបទ្រង់ យាងទៅ ឆ្លើយថា ពិតមែនហើយ ទ្រង់មិនជ្រាបទេ ។