កស្សកសូត្រទី ៩
សាវត្ថីនិទាន ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ ពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ដែលប្រកបព្រមដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជា ប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង មានសោតប្រសាទ ផ្ទៀងប្រុងស្តាប់ធម៌ ។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាង នេះថា សមណគោតមនេះឯង ពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថា ដែល ប្រកបដោយព្រះនិព្វាន ។ បេ ។ បើដូច្នោះ គួរអញចូលទៅរកព្រះសមណគោតមនោះ ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស ។ គ្រានោះឯង មារមានចិត្តបាប និម្មិតខ្លួនឲ្យមានភេទ ដូចជា អ្នកភ្ជួររាស់ លីនង្គ័លយ៉ាងធំ កាន់ដងជន្លួញយ៉ាងវែង មានសក់ក្រេន្ទីង ស្លៀកសំពត់ធ្មៃ មានជើងប្រឡាក់ភក់ ដើរចូលទៅរកព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ ព្រះអង្គ បានឃើញគោផងទេ ។ ព្រះអង្គត្រាស់តបថា ចុះអ្នកឯងត្រូវការអ្វីដោយ គោ ។ មារសួរថា បពិត្រសមណៈ ភ្នែករបស់ខ្ញុំ រូបរបស់ខ្ញុំ ចក្ខុសម្ផស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួច ចាកវិស័យរបស់ខ្ញុំ បពិត្រសមណៈ ត្រចៀករបស់ខ្ញុំ សំឡេងរបស់ខ្ញុំ ។ បេ ។ បពិត្រសមណៈ ច្រមុះរបស់ខ្ញុំ ក្លិនរបស់ខ្ញុំ ។ បេ ។ បពិត្រសមណៈ អណ្តាត របស់ខ្ញុំ រសរបស់ខ្ញុំ ។ បេ ។ បពិត្រសមណៈ កាយរបស់ខ្ញុំ ផោដ្ឋព្វៈរបស់ ខ្ញុំ ។ បេ ។ បពិត្រសមណៈ ចិត្តរបស់ខ្ញុំ ធម្មារម្មណ៍របស់ខ្ញុំ មនោសសម្ផស្ស