រជ្ជសូត្រទី ១០

ក្បាលទី 19 · ទំព័រ 691

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងខ្ទមក្នុងព្រៃ នាហិមវន្តប្បទេស ក្នុងដែនកោសល ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងទីស្ងាត់ ពួនសម្ងំនៅ ( ក្នុងផលសមាបត្តិ ) មានព្រះទ័យត្រិះរិះ កើតឡើងយ៉ាងនេះថា កាលបើតថាគត មិនសម្លាប់ មិនឲ្យគេសម្លាប់ មិន បំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ អាចនឹង សោយរាជ្យដោយធម៌បានឬហ្ន៎ ។ គ្រានោះឯង មារមានចិត្តបាប ដឹងនូវបរិវិតក្កក្នុងព្រះទ័យ របស់ព្រះមានព្រះភាគដោយចិត្តរបស់ខ្លួនហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ ចម្រើន ព្រះមានព្រះភាគទ្រង់មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិន ឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយ ធម៌ចុះ សូមព្រះសុគតសោយរាជ្យដោយធម៌ចុះ ។ ព្រះអង្គត្រាស់ថា ម្នាល មារ ចុះអ្នកឯង ឃើញហេតុដូចម្តេច របស់តថាគត បានជាអ្នកពោលនឹង តថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញគេ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេ ឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគតសោយរាជ្យ ដោយធម៌ចុះ ។ មារទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥទ្ធិបាទ ៤ ប្រការ ព្រះមានព្រះភាគបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យ ដូចជាយានហើយ បានធ្វើឲ្យជាទីតាំងហើយ បានឲ្យឋិតនៅរឿយៗ ហើយ បានសន្សំហើយ បានប្រារព្ធដោយប្រពៃហើយ បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើព្រះមានព្រះភាគ បុនប៉ងនឹងអធិដ្ឋានស្តេចភ្នំឈ្មោះហិមវន្ត ឲ្យទៅជា មាស ភ្នំនោះ ក៏ក្លាយទៅជាភ្នំមាសបាន ។