សម្ពហុលសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកសិលាវតី ក្នុងដែនសក្កៈ ។ សម័យនោះឯង ពួកភិក្ខុ ច្រើនរូប ជាអ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូន ទៅហើយ នៅក្នុងទីជិតនៃព្រះមានព្រះភាគ ។ គ្រានោះឯង មារមានចិត្តបាប និម្មិតភេទជាព្រាហ្មណ៍ មាន ផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់គ្រាំគ្រា មាន កាយកោងដូចបង្កង់ផ្ទះ ដកដង្ញើមចូលឮសូរឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ និយាយនឹងពួកភិក្ខុនោះដូច្នេះថា លោក ដ៏ចម្រើនទាំងឡាយជាអ្នកបួស នៅក្មេងកំលោះ មានសក់ខ្មៅស្រិល ប្រកបដោយ វ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងកាមទាំងឡាយទេ ចូរលោកដ៏ ចម្រើនទាំងឡាយ បរិភោគកាមជារបស់មនុស្សសិន ចូរលោកទាំងឡាយ កុំ លះបង់សន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ ។ ពួកភិក្ខុតបវិញ ថា ម្នាលព្រាហ្មណ៍ ពួកយើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរក កាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរក សន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្ហៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះមានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញ ច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះ ខ្លួនឯង ។ កាលពួកភិក្ខុពោលយ៉ាងនេះ មារមានចិត្តបាប ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់ ៣ ជាន់ ហើយច្រត់ឈើច្រត់ដើរចៀស ចេញទៅ ។