អដ្ឋកថា សមិទ្ធិសូត្រទី ២

ក្បាលទី 19 · ទំព័រ 704

គប្បីជ្រាបវិនិច្ឆ័យក្នុងសមិទ្ធិសូត្រទី ២ តទៅ បទថា លាភា វត មេ សុលទ្ធំ វត មេ សេចក្តីថា ជាលាភរបស់អញ អញបាន ល្អហើយ ព្រោះអញបានព្រះសាស្តា ព្រះធម៌ និងសព្រហ្មចារី មានសភាព បែបនោះ ។ បានឮថា ព្រះសមិទ្ធិនោះ ខាងក្រោយ ពិចារណាមូលកម្មដ្ឋាន ហើយ ក៏កាន់យកកម្មដ្ឋានដែលគួរជ្រះថ្លាទុកមុន ដោយបំណងនឹងកាន់យក ព្រះអរហត្តឲ្យបាន រពឫកគុណរបស់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ឲ្យកើត ចិត្តដ៏សមគួរហើយ អង្គុយធ្វើចិត្តឲ្យរីករាយត្រេកអរ ដោយហេតុនោះ ទើប ព្រះសមិទ្ធិនោះគិតយ៉ាងនេះ ។ បទថា ឧបសង្កមិ សេចក្តីថា មារគិតថា ភិក្ខុសមិទ្ធិនេះ ក៏ ដូចនឹងពួកភិក្ខុដែលអង្គុយកាន់យកកម្មដ្ឋាន ដែលគួរជ្រះថ្លាដរាបណា នៅ កាន់យកព្រះអរហត្តមិនបាន ដរាបនោះ អញនឹងធ្វើអន្តរាយដល់លោក ដូច្នេះហើយ ទើបចូលទៅរក ។ បទថា គច្ឆ ត្វំ សេចក្តីថា ព្រះសាស្តាទ្រង់ត្រួតមើល ជម្ពូទ្វីប ទ្រង់ជួបថា កម្មដ្ឋាននឹងជាទីសប្បាយសម្រាប់ភិក្ខុនោះ ក្នុងទីនុ៎ះឯង ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា សតិ បញ្ញា ច មេ ពុទ្ធា សេចក្តីថា សតិ និងបញ្ញា អាត្មាបានដឹងហើយ ។ បទថា កាមំ ករស្សុ រូបនិ បានដល់ អ្នកនឹងធ្វើរូប ដែលគួរខ្លាចសូម្បីច្រើន ។ បទថា នេវ មំ ព្យាធយិស្សសិ បានដល់ អ្នកមិនអាចធ្វើអាត្មាឲ្យញាប់ញ័របានឡើយ ។