សត្តវស្សសូត្រទី ៤

ក្បាលទី 19 · ទំព័រ 715

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលា ប្រទេស ។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់ ៧ ឆ្នាំ រមិលមើលទោស តែមិនបានឃើញទោសឡើយ ។ គ្រានោះ មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា ព្រះអង្គ ត្រូវសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹង នៅក្នុងព្រៃឬ ព្រះអង្គប្រាថ្នានូវទ្រព្យបានឈ្នះហើយឬ ឬក៏ ព្រះអង្គធ្វើអំពើអាក្រក់ណាមួយក្នុងស្រុកទេដឹង ព្រោះហេតុ អ្វី ព្រះអង្គមិនយកពួកជនធ្វើជាមិត្ត មិត្តរបស់ព្រះអង្គរមែង មិនសម្រេចដោយហេតុណាមួយឡើយ ។ ព្រះអង្គត្រាស់តបថា តថាគតជីកឫសគល់សេចក្តី សោកទាំងអស់ហើយ មិនមានអំពើអាក្រក់ មិនសោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគតឈ្នះនូវតណ្ហា គឺ សេចក្តីលោភក្នុងភពទាំងអស់ហើយ ជាអ្នកមិនមានអាសវៈ តែងស្មឹងស្មាធ ។ មារតបថា ជនទាំងឡាយណា តែងពោលនូវ របស់ណាថា នេះរបស់អញដូច្នេះក្តី ពោលថា អញដូច្នេះក្តី បើព្រះហបឫទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះដែរ បពិត្រ សមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ ។ ព្រះអង្គត្រាស់ថា ពួកជន ពោលដៅយករបស់ ណា របស់នោះមិនមានដល់តថាគតទេ ពួកជនណាពោល ថា ( អញដូច្នេះ ) ពួកជននោះ មិនដូចតថាគតទេ ម្នាល មារ អ្នកឯងចូរដឹងយ៉ាងនេះចុះ អ្នកឯង មិនឃើញផ្លូវនៃ តថាគតទេ ។ មារទូលថា ប្រសិនបើព្រះអង្គបាននូវផ្លូវ ដែល ព្រះអង្គបានត្រាស់ដឹងហើយ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់ ទៅកាន់ព្រះនិព្វានឈ្មោះអមតៈ ចូរព្រះអង្គចេញទៅ ចូរព្រះអង្គ ទៅចុះ ព្រះអង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គល ដទៃដូចម្