មារធីតុសូត្រទី ៥
គ្រានោះឯង ធីតារបស់មារឈ្មោះនាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នាចូលទៅរកមារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារ មានចិត្តបាប ដោយគាថា ដូច្នេះថា បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយ បុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចងដំរី ព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ ។ មារតបថា ព្រះសុគតជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមកដោយរាគៈបានឡើយ លោកកន្លងនូវ វដ្តៈជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញ សោកស្តាយក្រៃលែង ។ លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា ១ អរតី ១ រាគា ១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ ។ គ្រានោះឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុង ព្រះហបឫទ័យឡើយ ព្រោះព្រះអង្គមានព្រះហប្ញទ័យចុះស៊ប់ក្នុងព្រះនិព្វានដ៏ ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ ។ គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា ១ អរតី ១ រាគា ១ គេចចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នាយ៉ាងនេះថា សេចក្តី ប្រាថ្នារបស់បុរសទាំងឡាយផ្សេងៗ គ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗ នាក់ ។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នានិម្មិតនូវ វណ្ណៈនៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗ នាក់ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើ បាទារបស់ព្រះអង្គ ។