បារាជិកកណ្ឌសិក្ខាបទទី ២
សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅលើ ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ ក៏ក្នុងសម័យនោះ មានភិក្ខុច្រើនរូបជាមិត្ត សម្លាញ់ គ្រាន់តែជួបឃើញគ្នាខ្លះ ជាមិត្តសម្លាញ់នៅរួបរួមជាមួយគ្នាខ្លះ ធ្វើ កុដិប្រក់ដោយស្មៅក្បែរជើងភ្នំឥសិគិលិ ហើយចាំវស្សា ( នៅនោះ ) ។ មាន ភិក្ខុ ( ១ រូប ) ឈ្មោះធនិយដ៏មានអាយុជាកូនស្មូនឆ្នាំង ធ្វើកុដិតូច ប្រក់ ដោយស្មៅ ហើយចាំវស្សានៅនោះដែរ ។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំ វស្សាគ្រប់ ៣ ខែហើយក៏រុះរើកុដិស្មៅនោះ ហើយរេបោចំទុកដាក់ស្មៅ និងឈើ ( តាមដោយឡែកស្រួលបួល ) ហើយចេញទៅកាន់ជនបទចារិក ។ ចំណែក ខាងឯធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏នៅតែក្នុងទីនោះអស់វស្សានរដូវ ហើយនៅអស់ហេមន្តរដូវ និងគិម្ហរដូវ ក្នុងទីនោះ ( តទៅទៀត ) ។ គ្រានោះ កាលដែលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាត ក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧស នាំគ្នារុះកុដិប្រក់ដោយស្មៅ ( របស់ធនិយភិក្ខុ ) ហើយប្រមូលយកស្មៅ និងឈើទៅអស់ ។ ធនិយភិក្ខុដ៏ មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅនិងឈើមកហើយសង់កុដិប្រក់ដោយស្មៅ ជាគម្រប់ពីរដង ។ កាលធនិយភិក្ខុដ៏មានអាយុ ជាកូនស្មូនឆ្នាំង ចូលទៅ បិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅ ហើយ ជញ្ជូនយកស្មៅ និងឈើទៅទៀត ជាគម្រប់ពីរដង ។ ធនិយភិក្ខុដ៏មានអាយុ ជាកូនស្មូនឆ្នាំង ក៏រកស្មៅ និងឈើមកហើយ សង់កុដិស្មៅជាគម្រប់ ៣ ដង កាលធនិយភិក្ខុដ៏មានអាយុ ជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក ពួក អ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅ ហើយជញ្ជូនយកស្មៅ និង ឈើទៅទៀតជាគម្រប់ ៣ ដង ។ គ្រានោះ ធនិយ