សង្ឃាទិសសទី ៩
សង្ឃាទិសេសទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានជោគជាម្ចាស់ ទ្រង់គង់នៅក្នុង អារាមវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ កាលនាំគ្នាចុះអំពីភ្នំគិជ្ឈកូដ បានឃើញ ពពែឈ្មោល កំពុងរួមសន្ថវៈនឹងពពែញី លុះឃើញហើយ ទើបនិយាយគ្នា យ៉ាងនេះថា អើអាវុសោ ពួកយើងនឹងសន្មតពពែឈ្មោលនេះឲ្យជាឈ្មោះ ទព្វមល្លបុត្រ ( បុត្រមល្លក្សត្រ ) សន្មតពពែញីនេះឲ្យជាឈ្មោះនាងមេត្តិយា ភិក្ខុនី យើងនឹងនាំគ្នាហៅយ៉ាងនេះ ម្នាលអាវុសោ កាលអំពីដើមយើងបាន ចោទទព្វមល្លបុត្រដោយពាក្យថា យើងបានឮ បុន្តែឥឡូវនេះទព្វមល្លបុត្រ សេពមេថុនធម្មនឹងនាងមេត្តិយាភិក្ខុនី យើងបានឃើញដោយខ្លួនឯង ។ ភិក្ខុ ទាំងពីររូបនោះ ក៏បានតាំងសន្មតពពែឈ្មោលនោះ ជាឈ្មោះទព្វមល្លបុត្រ សន្មតពពែញីនោះ ជាឈ្មោះនាងមេត្តិយាភិក្ខុនី ។ ភិក្ខុទាំងនោះទៅនិយាយប្រាប់ ភិក្ខុទាំងឡាយថា ម្នាលអាវុសោ កាលពីដើមយើងបានចោទទព្វមល្លបុត្រ ដោយបានឮ បុន្តែឥឡូវនេះ ទព្វមល្លបុត្រសេពមេថុនធម្មនឹងនាង មេត្តិយាភិក្ខុនី យើងបានឃើញដោយខ្លួនឯង ។ ភិក្ខុទាំងឡាយបានឆ្លើយ យ៉ាងនេះថា នែអាវុសោ លោកកុំនិយាយយ៉ាងហ្នឹង ឯទព្វមល្លបុត្រដ៏មាន អាយុ មុខជានឹងមិនធ្វើដូចលោកថាទេ ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏ក្រាប ទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ។ ព្រោះដំណើរនេះ រឿងនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់