សិក្ខាបទវិភង្គនៃទុតិយទុដ្ឋទោសសិក្ខាបទ

ក្បាលទី 2 · ទំព័រ 1069

បណ្តាទេស និងលេសនេះ ចំណែកដែលឈ្មោះថា ទេស ព្រោះអត្ថ ប្រាកដ គឺត្រូវអាងដល់ ត្រូវហៅថា ពពែនេះ មានការសម្ពន្ធដល់ចំណែក ដទៃនោះ ។ ពាក្យថា ទេស នេះ ជាឈ្មោះនៃចំណែកណាមួយ បណ្តា ចំណែក មានជាតិជាដើម ។ ដែលឈ្មោះថា លេស ព្រោះអត្ថថា រួម គឺទាញវត្ថុដទៃទុក បានដល់ ជាប់នៅត្រឹមបន្តិចបន្តួច ដោយត្រឹមតែជាវោហារ បុណ្ណោះ ។ ពាក្យថា លេស នេះ ជាឈ្មោះនៃចំណែកណាមួយ បណ្តា ចំណែក មានជាតិជាដើមដូចគ្នា ពាក្យដទៃក្រៅអំពី ២ ពាក្យនោះ មានអត្ថ ជាក់ច្បាស់ទាំងអស់ ។ ក្នុងសិក្ខាបទបញ្ញត្តិនេះ ក៏មានអត្ថយ៉ាងនេះដូចគ្នា ។ អធិប្បាយ សិក្ខាបទវិភង្គនៃទុតិយទុដ្ឋទោសសិក្ខាបទ អធិករណ៍ជាចំណែកដទៃ [ ២៦៦-២៦៧ ] បណ្ឌិតគប្បីជ្រាបសន្និដ្ឋាន ក្នុងបទភាជនីយ៍ថា ភិក្ខុ គប្បីកាន់យកឯកទេស ណាមួយរបស់អធិករណ៍ ដែលជារឿងដទៃណា ឲ្យត្រ ឹមតែជាលេស តាមចោទភិក្ខុដោយធម៌ ដែលមានទោសដល់បារាជិក អធិករណ៍ដែលជារឿងដទៃនោះជាក់ច្បាស់ហើយ ដោយអំណាចនៃហេតុ ដែលកើតឡើងនោះឯង ព្រោះហេតុនោះ ទើបអធិករណ៍ដែលជារឿងដទៃ នោះ ព្រះមានព្រះភាគ ទ្រង់មិនចែកទុកក្នុងបទភាជនីយ៍ ។ ឯអធិករណ៍ទាំង ៤ ណា ដែលព្រះមានព្រះភាគត្រាស់ហើយ ដោយអំណាចនៃការលើក អត្ថឡើង ដោយសាមញ្ញថា អធិករណ៍ ។ អធិករណ៍ទាំងនោះជារឿងដទៃ ហើយការដែលអធិករណ៍ទាំងនោះជារឿងនោះ មិនទាន់ប្រាកដផង ដែលព្រះ វិនយធរទាំងឡាយគួរជ្រាបផង ព្រោះហេតុនោះ កាលព្រះអង្គទ្រង់អាស្រ័យ អធិករណ៍ដែលបានដោយសាមញ្ញ ធ្វើភាពដែលអធិករណ៍ទាំងនោះជារឿង ដទៃ និងជារឿងនោះៗ ឲ្យជាក់ច្បាស់ ទើបត្រាស់បទភាជនីយ៍ថា អញ្ញាភាគិយស្ស អធិករណស្សាតិ អាបត្តញ្ញភាគិយំ វា ហោតិ អធិករណញ្ញ ភាគិយំ វា ជាដើម ។