បឋមសង្ឃភេទសិក្ខាបទវណ្ណនា
សង្ឃភេទសិក្ខាបទ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលក្នុងសង្ឃភេទសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះ ក្នុងបទថា អថខោ ទេវទត្តោ ជាដើមនេះ មានវិនិច្ឆ័យដូច្នេះថា រឿង ភិក្ខុទេវទត្ត រឿងដែលទេវទត្តបួស និងហេតុដែលឈានទៅរកបក្ខពួក មាន កោកាលិកភិក្ខុជាដើម ហើយពោលបបួលថា មកចុះអ្នកមានអាយុ ពួកយើង នឹងធ្វើសង្ឃភេទ ចក្កភេទដល់ព្រះសមណគោតម ដូច្នេះជាដើម ទាំងអស់មកហើយ ក្នុងសង្ឃភេទក្ខន្ធកៈនោះឯង ។ ចំណែកក្នុងរឿងសូមវត្ថុ ៥ ក៏មកក្នុងសង្ឃភេទក្ខន្ធកៈដូចគ្នា តែខ្ញុំនឹង ពោលក្នុងរឿងសូមវត្ថុ ៥ នេះមុន ហើយនឹងរំលងទៅ ព្រោះរឿងមកក្នុង សង្ឃភេទសិក្ខាបទនេះក៏មាន ។ បទថា សាធុ ភន្តេ បានដល់ ការទូលសូម ព្រះវរោកាស ។ បទថា ភិក្ខូ យាវជីវំ អារញ្ញិកា អស្សុ សេចក្តីថា ភិក្ខុ ទាំងអស់សមាទានអារញ្ញិកធុតង្គហើយ ចូរជាអ្នកនៅព្រៃជាវត្ត គឺចូរនៅតែ ក្នុងព្រៃបុណ្ណោះ ដរាបអស់ជីវិត ។ ដោយបទថា យោ គាមន្តំ ឱសរេយ្យ វជ្ជំ នំ ផុសេយ្យ ទេវទត្ត ពោលដោយបំណងថា ភិក្ខុណា គឺសូម្បីភិក្ខុមួយអង្គ លះព្រៃចូលកាន់ស្រុក ដើម្បីនឹងនៅ ទោសគប្បីត្រូវភិក្ខុនោះ គឺទោសចូរត្រូវភិក្ខុនោះ បានដល់ សូមព្រះមានព្រះភាគទ្រង់កាត់អាបត្តិភិក្ខុនោះ សូម្បីក្នុងវត្ថុដ៏សេស ក៏មាន ន័យនេះដូចគ្នា ។ ពីរបទថា ជនំ សញ្ញាបេស្សាម សេចក្តីថា ពួកយើងនឹងញ៉ាំងមហាជន ឲ្យយល់ថា ពួកយើងជាអ្នកមានសេចក្តីប្រាថ្នាតិចជាដើម ។ ម្យ៉ាងទៀត មាន ពាក្យអធិប្បាយថា ពួកយើងនឹងឲ្យមហាជនត្រេកអរពេញចិត្ត គឺនឹងឲ្យ ជ្រះថ្លា ។