សិក្ខាបទវិភង្គនៃទុតិយសង្ឃភទសិក្ខាបទ
អធិប្បាយ សិក្ខាបទវិភង្គនៃទុតិយសង្ឃភេទសិក្ខាបទ ក្នុងការចែកបទ ព្រះមានព្រះភាគត្រាស់ទុកថា រមែងជា អ្នកតាំងនៅក្នុងវាចាជាចំណែកសរសើរទេវទត្តនោះ អធិប្បាយថា តាំងនៅ ហើយដើម្បីសរសើរ និងដើម្បីភាពចម្រើននៃបក្ខពួកដល់ទេវទត្តនោះ ដែល ព្យាយាមដើម្បីបំបែកសង្ឃ ។ ពួកភិក្ខុដែលពោលពាក្យជាបក្ខពួក រមែងជា បុគ្គលដូច្នេះដោយនិយម ព្រោះដូច្នោះ ទើបលោកពោលពាក្យនេះ ។ តែ ព្រោះភិក្ខុច្រើនជាង ៣ រូប ជាអ្នកមិនគួរដល់កម្ម ព្រោះសង្ឃនឹងធ្វើកម្មដល់ សង្ឃមិនបាន ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ថា ឯកោ វា ទ្វេ វា ។ តយោ វា ដូច្នេះ ។ បទថា ជានាតិ នោ សេចក្តីថា លោកដ៏មានអាយុនោះ រមែងដឹង សូម្បីការពេញចិត្តជាដើមរបស់ពួកយើង ។ បទថា ភាសតិ សេចក្តីថា រមែងពោលនឹងពួកយើងថា ពួកខ្ញុំនឹងធ្វើ យ៉ាងនេះ ។ បទថា អម្ហាកម្បេតំ ខមតិ សេចក្តីថា លោកដ៏មានអាយុនោះ រមែងធ្វើវត្ថុណា វត្ថុនោះ រមែងជាទីពេញចិត្តដល់ពួកយើង ។ បទថា សមេតាយស្មន្តានំ សង្ឃេន សេចក្តីថា ចិត្តរបស់ លោកដ៏មានអាយុទាំងឡាយ ចូរដល់ព្រម គឺ ចូរមកព្រម អធិប្បាយថា ចូរ ដំណើរទៅកាន់ភាពតែមួយជាមួយសង្ឃ ។ ពាក្យដ៏សេសក្នុងសិក្ខាបទនេះ ប្រាកដច្បាស់ហើយទាំងអស់ ព្រោះមាន ន័យដូចពោលហើយក្នុងសិក្ខាបទមុន និងព្រោះមានអត្ថងាយយល់ហើយ ។ សូម្បីសមុដ្ឋានជាដើម ក៏ដូចគ្នានឹងសិក្ខាបទមុននោះឯង ។