ទុព្វចសិក្ខាបទវណ្ណនា
ក្នុងទុព្វចសិក្ខាបទ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងទុព្វចសិក្ខាបទនោះ មានវិនិច្ឆ័យដូច្នេះ ពីរបទថា អនាចារំ អាចរតិ សេចក្តីថា រមែងធ្វើការបំពានតាម កាយទ្វារ និងវចីទ្វារ ដោយប្រការដ៏ច្រើន ។ បទថា កឹ នុ ខោ នាម នេះ ជាការពោលសម្លុត ( អ្នកដទៃ ) ។ បទថា អហំ ខោ នាម ជាពាក្យលើក ( ខ្លួន ) ។ ដោយបទថា តុម្ហេ វទេយ្យំ លោកសម្តែងថា ខ្ញុំគួរនឹងពោលប្រៀន ប្រដៅពួកលោកថា ពួកលោក ចូរធ្វើយ៉ាងនេះ កុំធ្វើយ៉ាងនេះ ។ បើមានពាក្យសួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះឆន្នភិក្ខុពោលសំដៅ យកបំណងជាដើមយ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់សេះកណ្ឋកៈ យាង ចេញព្រមជាមួយខ្ញុំ ទ្រង់បួសហើយ ។ កាលពោលថា ព្រះធម៌របស់ខ្ញុំ ហើយកាលនឹងសម្តែងយុត្តិ ក្នុងភាពជារបស់ខ្លួនទៀត ទើបពោលថា ព្រះធម៌ នេះ ព្រះអយ្យបុត្ររបស់ខ្ញុំបានត្រាស់ដឹងហើយ ដូច្នេះ ។ មានពាក្យ អធិប្បាយថា សច្ចៈ ៤ ដែលព្រះអយ្យបុត្ររបស់ខ្ញុំត្រាស់ដឹងហើយ ដូច្នោះ សូម្បីព្រះធម៌ក៏ជារបស់ខ្ញុំ ។ តែសម្គាល់ព្រះសង្ឃថា តាំងនៅក្នុងចំណែកជា សត្រូវរបស់ខ្លួន ទើបមិនពោលថា ព្រះសង្ឃរបស់ខ្ញុំ ។ តែប្រាថ្នានឹងពោល ចាក់ដោតរុករានសង្ឃ ទើបពោលពាក្យជាដើមថា សេយ្យថាបិ នាម ដូច្នេះ ។