កុលទសកសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 1149

កុលទូសកសិក្ខាបទ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងកុលទូសកសិក្ខាបទនោះ មានវិនិច្ឆ័យដូច្នេះថា បទថា អស្សជិបុនព្វសុកា នាម បានដល់ ភិក្ខុឈ្មោះអស្សជិ និង បុនព្វសុក ។ បទថា កិដាគិរិស្មឹ បានដល់ ក្នុងជនបទដែលមានឈ្មោះ យ៉ាងនោះ ។ ក្នុងបទថា អាវាសិកា ហោន្តិ នេះ មានវិនិច្ឆ័យដូច្នេះថា អាវាសរបស់ភិក្ខុទាំងនេះមាន ហេតុនោះ ទើបភិក្ខុទាំងនេះឈ្មោះថា អាវាសិក ( មេវត្ត ) ។ វិហារលោកហៅថា អាវាស ។ វិហារនោះទាក់ទងដល់ភិក្ខុ ពួកណា ដោយភាពជាអ្នកដើរមុខ មានការកសាងវត្ថុថ្មីៗ និងការជួសជុល របស់ចាស់ជាដើម ភិក្ខុទាំងនោះឈ្មោះថា អាវាសិក ។ តែភិក្ខុពួកណាត្រឹមតែ នៅក្នុងវិហារតែម្យ៉ាង ភិក្ខុទាំងនោះ លោកហៅថា នេវាសិក ( មេកុដិ ) ។ អស្សជិ និងបុនព្វសុកនេះបានជាមេវត្ត ។ ពីរបទថា អលជ្ជិនោ បបភិក្ខូ បានដល់ ជាពួកភិក្ខុលាមក មិនមាន ការខ្មាស ។ ព្រោះថា អស្សជិ និងបុនព្វសុកភិក្ខុនោះ ជាមេឆព្វគ្គិយ នៃ ឆព្វគ្គិយភិក្ខុទាំងឡាយ ។