អទិន្នាទានសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 70

រឿង ធនិយភិក្ខុកុម្ភការបុត្រ ឥឡូវនេះ ដល់លំដាប់ពណ៌នាទុតិយបារាជិក ដែលព្រះជិនស្រី មិន មានបុគ្គលជាគម្រប់ពីរ ទ្រង់ប្រកាសហើយ ព្រោះហេតុនោះ ពាក្យណា ដែលគប្បីដឹងបានងាយ និងបានប្រកាសទុកក្នុងខាងដើម ការពណ៌នាទុតិយបារាជិកនោះ នឹងវៀរពាក្យនោះចេញទាំងអស់ដូចតទៅ និក្ខេបបទថា តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ គិជ្ឈកូដេ បព្វតេ ខ្ញុំនឹងពោលតទៅថា បទថា រាជគហេ បានដល់ នគរមានឈ្មោះយ៉ាងនោះ ។ ពិតហើយ ក្រុងនោះហៅថា រាជគ្រឹះ ព្រោះជា ក្រុងដែលព្រះរាជាទាំងឡាយ មានព្រះបាទមន្ធាតុ និងព្រះបាទមហាគោវិន្ទ ជាដើមទ្រង់គ្រប់គ្រង ។ ក្នុងពាក្យថា រាជគ្រឹះនេះ អាចារ្យទាំងឡាយពណ៌នា ប្រការដទៃខ្លះ ។ នឹងមានប្រយោជន៍អ្វី ដោយប្រការទាំងនោះ ។ ពាក្យថា រាជគ្រឹះនេះ ជាឈ្មោះរបស់នគរនោះ ។ តែនគរនោះ ជានគរក្នុងសម័យ ពុទ្ធកាល និងចក្រពត្តិកាល ។ ក្នុងកាលដ៏សេស ជាក្រុងស្ងាត់ ត្រូវយក្ខ ហួងហែង គឺជាព្រៃ ជាទីនៅរបស់ពួកយក្ខទាំងនោះ ព្រះឧបាលិត្ថេរកាល សម្តែងគោចរគ្រាមយ៉ាងនោះហើយ ទើបសម្តែងទីកន្លែងដែលទ្រង់ប្រថាប់ ។ ពីរបទថា គិជ្ឈកូដេ បព្វតេ សេចក្តីថា ឯភ្នំនោះ គេតែងហៅថា គិជ្ឈកូដ ព្រោះមានហ្វូងត្មាតនៅលើកំពូល ឬ មានកំពូលស្រដៀងត្មាត ។ បទថា សម្ពហុលា សេចក្តីថា ដោយបរិយាយនៃព្រះវិន័យ ភិក្ខុ ៣ អង្គ ហៅថា ភិក្ខុជាច្រើន លើសជាងនោះហៅថា សង្ឃ ដោយបរិយាយនៃ ព្រះសូត្រ ភិក្ខុ ៣ អង្គ គង់ហៅថា ៣ អង្គនោះឯង តាំងអំពី ៣ អង្គឡើង ទៅ ទើបហៅថា ភិក្ខុជាច្រើន ។ ចំណែកភិក្ខុជាច្រើនក្នុងទីនេះ គប្បីជ្រាបថា ច្រើនដោយគ្នា ព្រោះបរិយាយនៃព្រះសូត្រ ។