វិនីតវត្ថុក្នុងទុតិយបារាជិក

ក្បាលទី 2 · ទំព័រ 254

អធិប្បាយ វិនីតវត្ថុក្នុងទុតិយបរាជិក ក្នុងគាថានៃវិនីតវត្ថុ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះថា រឿង ឆព្វគ្គិយភិក្ខុ ខ្ញុំបានពោលទុកហើយ ក្នុងអនុប្បញ្ញត្តិនោះឯង ។ ក្នុងរឿងទី ២ មានវិនិច្ឆ័យដូច្នេះថា ដែលឈ្មោះថា ចិត្ត របស់ពួកបុថុជ្ជន លះប្រក្រតីទៅដោយអំណាចកិលេសមាន រាគៈជាដើម រមែងស្ទុះទៅ គឺឆ្លេឆ្លាទៅ បានដល់ ញាប់ញ័រទៅ ។ បើព្រះដ៏មានព្រះភាគ សូម្បីវៀរការទម្លាយតាមកាយទ្វារ និងវចីទ្វារចេញ ទ្រង់គប្បីបញ្ញត្តអាបត្តិ ដោយហេតុត្រឹមតែចិត្តុប្បាទ ( ត្រឹមតែការកើតឡើងនៃចិត្ត ) នរណាអាចធ្វើ ខ្លួនមិនឲ្យត្រូវអាបត្តិបាន ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិ ព្រោះត្រឹមតែការគិតក្នុងចិត្ត ។ តែភិក្ខុមិនគួរ ប្រព្រឹត្តទៅក្នុងអំណាចនៃចិត្ត គួរហាមចិត្តទុកក្នុងកម្លាំងនៃការពិចារណានោះ ឯង ។ រឿងការចាប់ពាល់សំពត់ ធ្វើឲ្យសំពត់កម្រើក ធ្វើឲ្យសំពត់ឃ្លាត ចាកឋាន មានអត្ថងាយយល់ហើយនោះឯង ។ [ ១២៩-២៣១ ] ចំណែករឿងទាំងឡាយ បន្ទាប់អំពីរឿងដែលធ្វើ សំពត់ឲ្យឃ្លាតចាកឋាននោះទៅ មានរឿងភិក្ខុមានថេយ្យចិត្ត ចាប់ទ្រព្យនោះ ឡើងអំពីផែនដីជាទីបំផុត មានអត្ថងាយយល់ហើយទាំងអស់ ។ ក្នុងរឿងភិក្ខុ ត្រឹមតែពោលតែពាក្យ មានវិនិច្ឆ័យដូច្នេះថា បទថា អាទិយិ សេចក្តីថា ភិក្ខុម្ចាស់ចីវរចាប់ហើយ គឺទាញទុក ពោលថា លោកជាចោរ ។ ចំណែកភិក្ខុលួចចីវរ កាលត្រូវភិក្ខុម្ចាស់ចីវរសួរថា ចីវរ